(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំសកម្មជនរបស់ខ្លួន ចុះត្រួតពិនិត្យមើលករណីយោធាវៀតណាម សង់ប៉ុស្តិ៍យាម នៅព្រំដែនខេត្តរតនគិរី។
នៅលើបណ្តាញសង្គម Facebook លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំ ពេជ្រ ស្រស់ កំពុងធ្វើដំណើរទៅមើលការសាងសង់ប៉ុស្តិ៍យាម របស់កងទ័ពវៀតណាម និងការជីកស្រះនៅតំបន់ហាមឃាត់តាមព្រំដែននៅខេត្តរតនៈគីរី ដើម្បីយល់ដឹងឲ្យរឹតតែច្បាស់ ក្នុងការតាមដានការរំលោភបំពានទឹកដី ពីភាគីវៀតណាម»។
សូមជំរាបថា លោក ពេជ្រ ស្រស់ នាថ្មីៗនេះ បានចេញមុខប្រឆាំងចំពោះសកម្មភាពរបស់វៀតណាម ដែលបានរំលោភលើព្រំដែនកម្ពុជា។ គណបក្សយុវជន ក៏ព្រមានធ្វើបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាលវៀតណាមប្រកាសជំហរបញ្ឈប់សកម្មភាពរំលោភលើព្រំដែនកម្ពុជាផងដែរ ប៉ុន្តែទោះជាយ៉ាងណាបាតុកម្មមិនទាន់កំណត់ពេលច្បាស់លាស់នៅឡើយទេ បន្ទាប់ពីបានប្រកាសពន្យារពេលដោយមិនកំណត់ កាលពីម្សិលមិញ៕