(ឡាហ៊រ)៖ ខេត្ត Punjab ប្រទេសប៉ាគីស្ថាន បានចាត់វិធានការរឹតបន្តឹងសកម្មភាពក្រៅផ្ទះ និងបញ្ជាឱ្យហាង និងផ្សារនានា បិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ ដែលបណ្តាលមកពីការបំពុលបរិយាកាសធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការរឹតបន្តឹងនេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃចំនួនអ្នកជំងឺ ដែលមានបញ្ហាផ្លូវដង្ហើម និងជំងឺភ្នែក នៅក្នុងទីក្រុង Lahore និងទីក្រុងធំៗមួយចំនួនទៀត ក្នុងខេត្ត Punjab។ ទីក្រុង Lahore ត្រូវបានចាត់ទុកថា ជាទីក្រុងដែលមានការបំពុលបរិយាកាសខ្លាំងបំផុត នៅលើពិភពលោក នេះបើយោងតាមការវាយតម្លៃផ្ទាល់របស់ក្រុម IQAir របស់ប្រទេសស្វីស។

ស្ថាប័នអប់រំ និងទីធ្លាសាធារណៈ ដូចជាសួនកម្សាន្ត និងសួនសត្វ ក៏ត្រូវបានបិទរហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ផងដែរ។ សកម្មភាពក្រៅផ្ទះភាគច្រើន រួមទាំងការប្រកួតកីឡា ពិធីបុណ្យ និងការទទួលទានអាហារនៅខាងក្រៅ ត្រូវបានហាមឃាត់។ រដ្ឋាភិបាលបានលើកលែង សម្រាប់តែពិធីសាសនា និងហាងមួយចំនួន ដូចជាឱសថស្ថាន និងហាងលក់ម្ហូបអាហារ ដែលអាចបើកបានរហូតដល់ម៉ោង ៨យប់។

អាជ្ញាធរខេត្ត Punjab បានស្តីបន្ទោសប្រទេសឥណ្ឌា ចំពោះការបំពុលបរិយាកាសធ្ងន់ធ្ងរនេះ ដោយអះអាងថា ខ្យល់ពុលបានហូរចូលមកពីប្រទេសជិតខាង។ រដ្ឋាភិបាលបានបញ្ជាក់ថា នឹងដោះស្រាយបញ្ហានេះ ជាមួយឥណ្ឌា តាមរយៈក្រសួងការបរទេស។

ក្នុងពេលជាមួយគ្នានេះ តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានបញ្ជាឱ្យរដ្ឋាភិបាលក្រុងដេលី សម្រេចចិត្តលើការហាមឃាត់ជាអចិន្ត្រៃយ៍លើការបាញ់កាំជ្រួច ដើម្បីកាត់បន្ថយការបំពុលបរិយាកាស៕