(ភ្នំពេញ)៖ លោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Sandra Bernklau ) ប្រធានអង្គការ UNFPA ប្រចាំកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានមុនគេ ក្នុងការឆ្លើយតបភាពងាយរងគ្រោះទាំងឡាយ ជាពិសេសជួយសង្គ្រោះ និងសម្រាលការលំបាក ដល់ប្រជាជនដោយមិនរើសអើង និងគ្រប់ទីកន្លែងទោះជាតំបន់ដាច់ស្រយាលក៏ដោយ។

ការថ្លែងដូច្នេះរបស់លោកស្រី សាន់ដ្រា ប៊ឺនក្លាវ ក្នុងឱកាសអញ្ជើញចូលជួបសវនាការ និងផ្ដល់អំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន ៦០០ឃីត (ស្មើនឹងថវិកា ១១,៣៧៨.៥៥ដុល្លារ) ដល់កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោកស្រី សាន់ដ្រា ប៊ឺនក្លាវ បានបញ្ជាក់ជំហរថា អង្គការ UNFPA នឹងនៅតែបន្តជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបាននាំមកនូវអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីជូនដល់កាកបាទក្រហមកម្ពុជា ។

លើសពីនោះលោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដទៀតថា កាកបាទក្រហមកម្ពុជា នឹងចាត់ចែងអំណោយទាំងនេះនៅតាមកម្មវិធីនានា ដែលមានមុខសញ្ញាស្ត្រីក្នុងវ័យបន្តពូជ និងស្ត្រីជាមាតា ដែលជាអ្នកងាយរងគ្រោះបំផុត។

ទន្ទឹមនឹងនេះលោកស្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារសំខាន់ៗថ្មីៗ ដែលកាកបាទក្រហមកម្ពុជាបានធ្វើនាពេលកន្លងមក ដូចជាការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់, ការរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ការត្រៀមរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ និងទិវាផ្សេងៗទៀត ក៏ដូចជាការឈានឆ្ពោះទិវាជាតិសុខភាពមាតា ទារក និងកុមារជាដើម។ល៕