(សៀមរាប)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប បានរៀបចំពិធីបើកដំណើរការឡើងវិញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាត់ទុកការបើកដណើរសិប្បកម្មសូត្រអង្គរឡើងវិញនេះ ដូចជាការបន្តជីវិតសិប្បកម្ម ប្រពៃណី ដូនតាដូច្នោះដែរ។ មិនតែប៉ុណ្ណោះ  ក៏បានប្រមូលផ្តុំបុគ្គលិកចាស់ ដែលធ្លាប់បម្រើការងាររនៅទីនេះឱ្យមានការងារធ្វើឡើងវិញផងដែរ។

លោកជំទាវបន្តថា កសិដ្ឋានសូត្រសិប្បករអង្គរ ជាកសិដ្ឋានផលិតសូត្រធំមួយក្នុងស្រុកពួក ដើម្បីប្រើប្រាស់ក្នុងសិប្បកម្មតម្បាញ តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ លោកជំទាវបណ្ឌិត តែងតែបានធ្វើការកោតសសើរ អំពីសំលៀកបំពាក់ខ្មែរ ដែលផលិតពីសូត្រខ្មែរទៅប្រាប់ជនបរទេស នៅពេលអញ្ជើញទៅទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ និងតែងតែផ្តល់កាដូអនុស្សាវរីយ៍ ដែលផលិតពីសូត្រខ្មែរ ទៅថ្នាក់ដឹកនាំធំៗ ដើម្បីជាការផ្សព្វផ្សាយ ផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។

លោកជំទាវបានលើកទឹកចិត្ត និងជំរុញឱ្យមានការផលិតឱ្យបានច្រើន ឱ្យបានល្អ លើសពីនោះកសិដ្ឋានត្រូវតែជំរុញសកម្មភាពផលិតសូត្រឡើងវិញរាប់ចាប់ពីការដាំមន, ចិញ្ចឹមដង្កូវនាង, ស្រាវសូត្រ, តម្បាញ និងកាត់ដេរជាដើម។ 

លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ បានឱ្យដឹងថា នៅពេលវិបត្តិកូវីដ-១៩បានផ្ទុះឡើង វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ។ ចំណែកឯក្រុមហ៊ុនសិប្បករអង្គរ ដែលជាក្រុមហ៊ុនផ្សារភ្ជាប់ស្ទើរតែទាំងស្រុងនឹងវិស័យទេសចរណ៍នោះ ក៏បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗដែរ។ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ត្រូវបានផ្អាកទាំងស្រុង ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

លោក កាយ ឡូត អោយដឹថា ដើម្បីការពារបេតិកភណ្ឌខ្មែរឱ្យនៅគង់វង្ស សម្រាប់ជំនាន់ក្រោយបានឃើញពីសិប្បកម្មភាពតម្បាញដោយដៃ នៅក្នុងសិប្បកម្មតម្បាញសូត្រ នៅស្រុកពួក គឺត្រូវតែខិតខំស្តារឡើងវិញ។ ការបើកឡើងវិញនៃកសិដ្ឋានសូត្រនេះ ក៏ជាការវិលត្រឡប់មកវិញ នៃបុគ្គលិកដែលធ្លាប់បម្រើការងារក្នុងច្រវាក់ផលិតកម្មទាំងនេះដែរ ដែល បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិក បម្រើការងាររហូតជាង៤០០នាក់ មានការងារធ្វើនៅទីនេះ។

លោក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ ក៏បានបង្ហើបដែរថា កសិដ្ឋានសូត្រនេះ នឹងមានគម្រោងពង្រីកការផលិតសូត្រ ទន្ទឹមនឹងការបង្កើនបរិមាណស្រាវសូត្រ និងតម្បាញផងដែរ៕