(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបន្តចុះត្រួតពិនិត្យ តាមដានវាយតម្លៃការងារដឹកនាំ និងជម្រុញការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងបំនិនអប់រំ នៅវិទ្យាល័យ ហ៊ុនសែន បាក់ចិញ្ចៀន ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ និងសាលាបឋមសិក្សាសូភី ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដើម្បីរៀបចំសូចនាករ នៃការប្រឡងប្រណាំងការផ្តល់សេវាល្អក្នុងវិស័យអប់រំ សម្រាប់ក្របខណ្ឌខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសចុះទីតាំងនីមួយៗ លោក ខូយ រីដា បានជម្រាបជូនថា វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ។ ពិតណាស់ថា លោកគ្រូ អ្នកគ្រូ គឺថ្នាលបណ្ដុះនូវធនធានមនុស្សថ្មី ធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរ សូម្បីតែលោក ដែលកាន់មុខតំណែងបច្ចុប្បន្ន ក៏កើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូផងដែរ។

លោកសង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងយកចិត្តទុកដាក់បង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង។ លោកសូមឱ្យគណៈគ្រប់គ្រងសាលានីមួយៗ ត្រូវដឹកនាំសិស្ស និងជួយបំផុសចលនា ចូលរួមសម្អាតបរិស្ថានទាំងក្នុងសាលារៀន និងបន្ទប់រៀន ដើម្បីសុខភាព និងបរិស្ថានសិក្សាល្អ។ ជាមួយគ្នានោះលោកក៏សូមឱ្យគណៈគ្រប់គ្រងសាលា ត្រូវគិតគូរពីការរៀបចំដាក់តាំង រូបឥស្សរជនឆ្នើមរបស់យើង ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសមកដល់បច្ចុប្បន្ន។

លោក ខូយ រីដា បានលើកឡើងថា កូនក្មួយសិស្សានុសិស្សទាំងអស់ មានឱកាសពេញលេញ ក្នុងការសិក្សារៀនសូត្រ ដែលខុសគ្នាពីយុវជនសម័យមុន ក្នុងសម័យសង្គ្រាម និងសម័យប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រទេសជាតិយើង ធ្លាប់ឆ្លងកាត់ក្នុងស្ថានភាពដ៏លំបាកវេទនាបំផុត។ លោកក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន និងឱ្យក្លាយទៅជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ ក្មួយៗត្រូវចងចាំថា «យើងត្រូវរៀនទៅរកគោលដៅជាវិជ្ជមាន និងត្រូវរៀនទៅរកទីផ្សារការងារ»

ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានចុះពិនិត្យការងារសាងសង់ អគារសិក្សា២ខ្នង មាន០៧បន្ទប់ ក្នុងនោះមានបន្ទប់សិក្សា ៦បន្ទប់ និងទីចាត់ការ ១បន្ទប់ នៃសាលាបឋមសិក្សាថ្ម៣ដុំ ក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលមានការខ្វះខាត ចាស់ទ្រុឌទ្រោម ជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈរូបលោក ខណៈដែលបច្ចុប្បន្នសម្រេចការស្ថាបនាសាងសង់ បានជាង៦០ភាគរយហើយ៕