(ស្ទឹងត្រែង-រតនគិរី)៖ ប្រជាពលរដ្ឋអរគុណ បានដល់រាជរដ្ឋាភិបាល ដែលបានរៀបចំដំណើរទស្សនកិច្ច ជូនដល់ពលរដ្ឋឱ្យបានមកឃើញដោយផ្ទាល់បង្គោលព្រំដែន និងខណ្ឌសីមាព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម។ ពេលមកឃើញបង្គោលព្រំដែនផ្ទាល់ភ្នែក គ្មានឡើងការស្រពិចស្រពិល និងសង្ស័យឡើយ បង្គោលព្រំដែនត្រូវបានបោះយ៉ាងត្រឹមត្រូវ។

ក្នុងឱកាសចុះបំពេញទស្សនកិច្ចនៅបង្គោលព្រំដែន, លោកតា ហ៊ុល ប៊ុនឡឺត អាយុ៨១ឆ្នាំ មកពីរាជធានីភ្នំពេញ បានបង្ហាញការយល់ឃើញថា៖ «នៅពេលដែលខ្ញុំខមកឃើញបង្គោលព្រំដែន ធ្វើឱ្យខ្ញុំកាន់តែច្បាស់ក្នុងចិត្តបន្ថែមទៀត ចំពោះការចោទប្រកាន់ថាព្រំដែនត្រូវបង្ខិត គឺមិនត្រឹមត្រូវនោះទេ ហើយនឹងនាំស្ថានភាពពិតនៅតាមបង្គោលព្រំដែន ប្រាប់ទៅកូនចៅ បងប្អូន សាច់ញាតិ ដែលមិនបានមកឃើញផ្ទាល់ភ្នែក សូមកុំចាញ់បោកចំពោះការឃោសនារបស់ក្រុមប្រឆាំងឱ្យសោះ»

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរក៏បានថ្លែងបង្ហាញការសប្បាយចិត្ត និងអរគុណដល់សន្តិភាព អស់គុណដល់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំដំណើរទស្សនកិច្ចដល់ប្រជាពលរដ្ឋបានមកពិនិត្យដោយផ្ទាល់ពីស្ថានភាពបង្គោលព្រំដែន។

គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទ៨ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕