រយៈពេល ១សប្ដាហ៍ នគរបាលខេត្តព្រះសីហនុ បង្ក្រាបជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំសរុប២០កញ្ចប់ និងវត្ថុតាងផ្សេងទៀត
10-10-2016 12:58
(ព្រះសីហនុ)៖ រយៈពេល១សប្ដាហ៍ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយក្នុងនោះកម្លាំងជំនាញដកហូតបាន ថ្នាំសរុប២០កញ្ចប់ និងវត្ថុតាងមួយចំនួនទៀតផងដែរ។ នេះបើតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។
លោកស្នងការ បានឲ្យដឹងថា ប្រតិបត្តិការនេះ១សប្ដាហ៍នេះ គឺគិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែតុលានេះ ដោយក្នុងនោះ នៅថ្ងៃទី៨ ខែតុលា នៅស្រុកព្រៃនប់ កម្លាំងជំនាញឃាត់ខ្លួន បានជនសង្ស័យ៥នាក់ ទី១-ឈ្មោះ ហេង លាងអ៊ួង ទី២-ឈ្មោះ ទេព ស៊ីណា ទី៣-ឈ្មោះ អ៊ឹង លាងហ័ត ទី៤-ឈ្មោះ ជា តុលា និងទី៥-ឈ្មោះ គឹម តារាវិច្ឆ័យ ក្នុងនោះកម្លាំងជំនាញ ដកហូតបានថ្នាំ១១កញ្ចប់ ទូរស័ព្ទ១គ្រឿង និងម៉ូតូ CBR ១គ្រឿង។
លោកបន្ថែមថា នៅពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី៩ ខែតុលា នៅតាមផ្លូវចូលភូមិថ្មីក្រុម៨ ភូមិ៣ សង្កាត់៣ ព្រះសីហនុ កម្លាំងជំនាញធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ ឈ្មោះ កង វិច្ឆិកា ហៅណាម អាយុ32ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្រុម៣៥ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្នុងនោះកម្លាំង ដកហូតបាន ថ្នាំញៀនម្សៅក្រាមពណ៌សថ្លា៩ កញ្ចប់។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងអស់ ត្រូវបាននាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕