(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យទេព-ប្រណម្យ ស្រុកពញាឮ ខេត្តកណ្ដាល។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានគូសបញ្ជាក់ថា ឆ្នាំនេះក្រសួងការពារជាតិកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ និងធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ព៣ ប្រទេសកម្ពុជា ឡាវ វៀតណាម នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤។

តាមកម្មវិធីគ្រោងទុក រដ្ឋមន្រ្តីការពារជាតិបីប្រទេសកម្ពុជា ឡាវ វៀតណាម នឹងអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យទេពប្រណម្យផងដែរ។

តាមសេចក្ដីរាយការណ៍របស់លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជម្រាបជូនថារដ្ឋបាលខេត្តកណ្ដាល បានត្រៀមរៀបចំការងារគ្រប់ផ្នែកតាមការប្រគល់ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តគ្រោងអញ្ជើញថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមពិធីសំណេះសំណាលចំនួន៥០០នាក់។ ទន្ទឹងនេះរដ្ឋបាលខេត្តនឹងរៀបចំតុបតែងលំអរនៅវិទ្យាល័យទេពប្រណម្យ និងទីប្រជុំជនសាធារណៈ និងត្រៀមខ្លួនរួចជាស្រេចផ្ដល់កិច្ចសហការនិងអនុវត្តការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួង។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានថ្លែងអំណរគុណចំពោះលោក គួច ចំរើន អភិបាលខេត្តកណ្ដាលដែលបានផ្ដល់ទីតាំង និងការជួយគាំទ្រនានាសម្រាប់រៀបចំពិធីខាងលើ។ ជាមួយគ្នានេះលោកក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងគណៈគ្រប់គ្រងវិទ្យាល័យទេពប្រណម្យ ដែលបានសហការយ៉ាងជិតស្និតជាមួយលេខាធិការដ្ឋានត្រៀមរៀបចំពិធីសំណេះសំណាលខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ និងគ្រប់ជ្រុងជ្រោយ ។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានផ្ដល់អនុសាសន៍ណែនាំ ដល់ក្រុមការងារទាំងអស់ត្រូវបន្ត យកចិតុ្តទុកដាក់រៀបចំត្រួតពិនិត្យការងារគ្រប់ផ្នែកឱ្យបានរួចរាល់ តាមការប្រគល់ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួង ក្នុងនោះស្នើរដ្ឋបាលខេត្ត ស្រុក ពិសេសគណៈគ្រប់គ្រងវិទ្យាល័យទេពប្រណម្យបន្តផ្សព្វផ្សាយ និងធ្វើការណែនាំដូចជា ការប្រើប្រាស់សម្លៀកបំពាក់សិស្សឱ្យបានសមរម្យ, ការរៀបចំសិស្សានុសិស្សជូនបាច់ផ្កា, ឈរកាន់ទង់ជាតិបីប្រទេសទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះរដ្ឋមន្រ្តីការពារជាតិបីប្រទេស, ការរៀបចំពិធីនិងតុបតែងលំអរ,ការងារពិធីការ និងបដិសណ្ឋារកិច្ច, ការរៀបចំវត្ថុអនុស្សាវរីយ៍, ការថតរូបភាព វីដេអូ, ការការពារសន្តិសុខ និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត៕