(ភ្នំពេញ)៖ ដោយមានការអញ្ជើញ ពីស្ថានីយទូរទស្សន៍ PNN កំពូលតារាភាពយន្តល្បីល្បាញ ប្រចាំប្រទេសថៃចំនួន២រូប គឺលោក James Jirayu និងកញ្ញា Bella Ranee កាលពីរសៀលថ្ងៃទី០៩ ខែតុលាឆ្នាំ២០១៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយខណៈអ្នកគាំទ្រជាច្រើនបានសម្តែង ការអប់អរសារទជាមួយវត្តមាន របស់តារាប្រុស-ស្រីទាំង២រូបខាងលើនេះ។
ការបង្ហាញវត្តមាន របស់តារាប្រុស-ស្រីទាំង២ដួង នៅលើទឹកដីប្រទេសកម្ពុជា នាពេលនេះ បានធ្វើឡើង តាមរយៈការអញ្ជើញ ពីសំណាក់ស្ថានីយទូរទស្សន៍ PNN នៃព្រះរាជណាចក្រកម្ពុ ជាក្នុងគោលបំណង ដើម្បីជួបផ្ទាល់ជាមួយប្រិយមិត្ត អ្នកគាំទ្ររបស់ខ្លួនជាច្រើន នៅកម្ពុជា ក៏ដូចជាការបង្ហាញវត្តមានសម្តែង និងច្រៀងសប្បាយ ផងដែរ។
ថ្លែងក្នុងជំនួបជាមួយ ប្រិយមិត្តនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ នៅផ្សាទំនើបអ៉ីអន តារាភាពយន្តក្នុងរឿងភាគថៃ កញ្ញា Bella Ranee និងលោក James Jirayu បានសម្តែងក្តីរំភើបរីករាយខ្លាំង ពេលដែលបានមកដល់ប្រទេសកម្ពុជា។ ពិសេសគឺទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅ ពីសំណាក់ទស្សនិកជនរបស់ខ្លួន នៅកម្ពុជារាប់ពាន់នាក់ ខណៈការទទួលស្វាគមន៍នេះ ក៏ជាកំលាំងចិត្តសម្រាប់ ពួកគេផងនោះ។
កញ្ញា Bella Ranee និងលោកJames Jirayu បានថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងពេលទទួលបានការស្វាគមន៍ ពីសំណាក់ទស្សនិកជន និងមិត្តៗយុវវ័យនៅកម្ពុជា។ពិសេសគឺមានការទទួលរាក់ទាក់ ពីទស្សនិកជនយ៉ាងច្រើន ចាប់តាំងពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រហូតមកដល់ផ្សារទំនើបអ៉ីអន ដែលការគាំទ្រនេះ គឺជាការផ្តល់កំលាំងចិត្ត ដ៏ធំធេងបំផុតសម្រាប់ពួកខ្ញុំ នៅលើទឹកដី នៃប្រទេសកម្ពុជា!»។
ក្រៅពីជំនួបជាមួយ មិត្តអ្នកគាំទ្ររបស់ខ្លួនជាច្រើនពាន់នាក់នេះ បានធ្វើឡើងនៅផ្សារទំនើបអ៉ីអនតារាក្នុង ដួងចិត្តមិត្តយុវវ័យ រួចមក កញ្ញា Bella Ranee និងលោកJames Jirayu ក៏បានផ្តល់កិត្តិយស លេងហ្គេម និងបកស្រាយនូវបទចម្រៀងយ៉ាងពីរោះ បង្កបរិយាកាសសប្បាយរីករាយ មានសំឡេងស្រែកហ៊ោកញ្ជ្រៀវផ្អើលពេញ ផ្សាទំនើបអ៉ីអនផងដែរ។
សូមបញ្ជាក់ថា ដំណើរមកដល់របស់ កញ្ញា Bella Raneeនិងលោក James Jirayu គឺតបតាមការអញ្ជើញរបស់ស្ថានីយ ទូរទស្សន៍ភីអិនអិន ដើម្បីចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» ក្រោយពីមានការសំណូមពរ យ៉ាងច្រើនពីសំណាក់ប្រិយមិត្តកម្ពុជា មកកាន់ភីអិនអិន៕