(រតនគិរី)៖ ពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តរតនគិរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីយដ្ឋានបឹងកន្សែង ត្រូវបានបញ្ចប់ប្រកបដោយភាពដោយជោគជ័យ។
ពិធីបិទបញ្ចប់ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រីក្រោមសម្រែក ហ៊ោរកញ្ជ្រៀវ សប្បាយរីករាយ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន រួមជាមួយនឹងក្រុមកីឡាករ កីឡាការិនី ចំណុះទូកទាំង៣៧ទូកផងដែរ។
ថ្លែងក្នុងពិធីបិទបញ្ចប់ការប្រណាំងទូកនេះ លោកអភិបាលខេត្តរតនគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការរៀបចំផលិតទូក និងសម្រិតសម្រាំង តុបតែងទូកបានល្អ ព្រមទាំងមានកីឡាករ កីឡាការិនីឆ្នើមៗ ដែលមានកម្លាំងខ្លាំងខ្លាប្រកបដោយថាមពល និងមានបច្ចេកទេសគ្រប់គ្រាន់ ដែលធ្វើឱ្យពិធីប្រណាំងទូកនាឆ្នាំនេះបានដំណើរការ ទៅដោយរលូន និងទទួលបានជោគជ័យស្របតាមកម្មវិធីដែលបានគ្រោងទុក។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណគណៈកម្មការរៀបចំពិធីប្រណាំងទូក និងគ្រប់ អនុគណៈកម្មការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមសហការបានល្អ ទាំងការងារតុបតែងលម្អភ្លើងពណ៌ ការរៀបចំប្រទីប ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ការងាររៀបចំបច្ចេកទេសប្រណាំងទូក ការផ្សព្វផ្សាយព័ត៌មាន ការរៀបចំស្តង់ ពិព័រណ៍បង្ហាញ និងលក់ផលិតផលនានា ក៏ដូចជាការសំអាត អនាម័យ បរិស្ថាន។
លោក ញ៉ែម សំអឿន បានថ្លែងថា នេះជាមានមោទកភាពសម្រាប់ខេត្តរតនគិរី និងសូមថ្លែងនូវការកោតសរសើដោយស្មោះចំពោះគ្រប់យ៉ាងដែលបានកើតឡើង នៅក្នុងព្រឹត្តិការណ៍នៃការរៀបចំពិធីប្រណាំងទូកនៅលើទឹកដី ខេត្តរតនគិរី នាឆ្នាំ២០២៤នេះ។ ព្រឹត្តិការណ៍ពិធីប្រណាំងទូកនេះនឹងនាំមកនូវក្តីសប្បាយរីករាយសម្រាប់មន្ត្រី រាជការគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទទួលអំណរសាទរ និងផ្តល់នូវផលប្រយោជន៍ជារួមសម្រាប់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខេត្ត និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋទូទៅក្នុងខេត្តរតនគិរីទាំងមូល។
នៅក្នុងឱកាសនេះលោក ណាប់ ប៊ុនហេង,លោក ញ៉ែម សំអឿន និងលោកស្រីបានអញ្ជើញប្រគល់ពានរង្វាន់ជ័យលាភីដល់ទូកជាប់លេខ១ ទទួលបានពាន១ ថវិកា៣លានរៀល,លេខ២ ពាន១ ថវិកា២លានរៀល និងទូកដែលមិនបានឈ្នះក្នុងការប្រណាំង ក្នុងបរិយាកាស សប្បាយរីករាយនិងស្និតស្នាលបំផុត។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញថា ពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុករយៈពេល២ថ្ងៃនៅបឹងកន្សែងក្រុងបានលុងមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានការចូលទស្សនាកម្សាន្តចំនួន ១០៣,៤២៦នាក់ ក្នុងនោះប្រជាពលរដ្ឋ ដែលមកកម្សាន្តប្រមាណ ៧៦,៩០៩នាក់ កើនឡើង ៥.០៥% ភ្ញៀវទេសចរជាតិ ចំនួន ២៥,៣៦០នាក់ កើនឡើង២១.១០%ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១,១៥៣នាក់ កើនឡើង ១.១៥៣%ភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ២៦,៥១៣នាក់ កើនឡើង ២០.៥៥% បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន (២១,៩៩៤នាក់)៕