(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅក្នុងពិធីបើកវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តព្រៃវែង ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំធំអាគារ (A) សាលាខេត្តព្រៃវែង។

វេទិកានេះមានការចូលរួមពីលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកបានបន្តថា ការរៀបចំវេទិកានេះ មានគោលបំណងពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាពបញ្ហាប្រឈម កំណត់ដំណោះស្រាយ ការដាក់ចេញនូវការតម្រង់ទិសផ្នែកលើគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ 

អភិបាលខេត្ត បានគូបញ្ជាក់ថា ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, គ.ជ.អ.ប បានរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួម សម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ 

ផ្អែកលើឯកសារទស្សនទានដែលបានទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាល នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.អ.ប. បាន រៀបចំសេចក្តីណែនាំ ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

បន្ថែមលើសពីនេះ លោកសួន សុម៉ាលីនបានស្នើសុំឱ្យអង្គវេទិកាទាំងមូលយកចិត្តទុកដាក់ស្ដាប់បទបង្ហាញ ចូលរួមឱ្យបានផុលផុស ដើម្បីជាធាតុចូល សម្រាប់ជាមូលដ្ឋានក្នុងការពិភាក្សារៀបចំគោលនយោបាយ គោលការណែនាំបន្ថែម ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈទទួលបានជោគជ័យ សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕