(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើកកំពស់តំលៃស្រូវ អង្ករខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទ បានបញ្ជាទិញអង្ករក្រអូប ចំនួន១០តោន ទុកចែកជូនដល់កីឡាករ កីឡាការិនីអុំទូកដែលគ្រោងនឹង មកអុំប្រណាំងនៅក្រុងតាខ្មៅ នាថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។
ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រ កសិផលខ្មែរ និងកសិករដែលកំពុង ជួបការលំបាកពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃ ស្រូវរបស់ប្រជាកសិករ ក៏ដូចជាជួយដល់កសិករខ្មែរ សូមទំនាក់ទំនងមកកាន់ ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 078 777 669 - 012 90 4444។
* តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិនទាន់គិតតម្លៃដឹកជញ្ជូន។ លើសពីនេះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅឃ្លាំងរហូតដល់ពេលណាបងប្អូនត្រូវការទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួម របស់បងប្អូនជួយលើកកំពស់តំលៃស្រូវ អង្ករខ្មែរ៕