(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) គ្មានការលក់ ឬដោះដូរឱ្យឯកជននោះឡើយ ពោលសាលានេះបានពង្រីកសាលារបស់ខ្លួន បន្ថែមនៅលើមហាវិថីឈ្នះឈ្នះ ដោយសារតែកំណើននិស្សិតជាលំដាប់។
ការចេញមកបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វឡើងបន្ទាប់ពីកាលពីថ្ងៃទី៧ ខែវិច្ឆិកា VOD Khmer បានផ្សាយថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា សាលាតិចណូ ត្រូវគេលក់ឱ្យឈ្មួញហើយ ក្រោមរូបភាពដោះដូរដី»។
នៅក្នុងឱកាសអញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «VOD ចេញមកថា រដ្ឋាភិបាលដោះដូរលក់តិចណូ អត់ទេ សាលាតិចណូនៅដដែលគ្រាន់តែសាលានេះ ឥឡូវសិស្សកើន ចឹងគេបង្កើតសាលាមួយទៀត នៅមហាវិថីឈ្នះឈ្នះ ដោយសារសាលានេះទើបបង្កើតសាលាថ្មីទៀត ស្រាប់តែ VOD ចេញផ្សាយថា រដ្ឋលក់ដីសាលាតិចណូ ហើយការផ្សាយគ្មានប្រភពព័ត៌មានច្បាស់»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការផ្សាយព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ ដោយអង្គភាពព័ត៌មាននេះប្រើប្រាស់ស្ទាយដដែលៗ គឺផ្សាយគ្មានប្រភពព័ត៌មានច្បាស់លាស់ ដើម្បីរឿងនាំឱ្យមានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរ ដល់ស្រទាប់មហាជន ចំពោះរាជរដ្ឋាភិបាល។ សម្ដេចក៏បានជំរុញការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបញ្ជៀសផលប៉ះពាល់នានានៅក្នុងសង្គមកម្ពុជាផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះករណីនេះវិទ្យាស្ថានបច្ចេកវិទ្យា (តិចណូ) និងក្រសួងអប់រំ យុវជន និងកីឡា បានចេញមកបំភ្លឺចំពោះការចេញផ្សាយនូវព័ត៌មានក្លែងក្លាយនេះដើម្បីឱ្យមហាជនបានដឹងច្បាស់ ពីស្ថានរឿងពិតចំពោះភាពស្អាតស្អំរបស់សាលាផងដែរ។ សម្តេចយល់យល់ឃើញថា សម្រាប់ព័ត៌មានក្លែងក្លាយ គឺបានសាយភាយលឿនរហ័សជាងព័ត៌មានពិតប្រាកដ ខណៈព័ត៌មានពិតបែរជាមិនសូវមានការចូលមើលនោះទេ ចំណុចនេះបានធ្វើឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានមិនពិត និងបានផ្តល់ឱកាសដល់ជនខិលខូច បង្កើតព័ត៌មានក្លែងក្លាយបន្ថែមទៀត។
សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិអានព័ត៌មាន ដើម្បីទទួលបានព័ត៌មានពិតប្រាកដ ត្រូវបានបំផ្លាញដោយសារព័ត៌មានក្លែងក្លាយ (Fack News)។ ប្រជាពលរដ្ឋគ្រប់រូប គឺមានសិទ្ធិអាន មើល និងស្តាប់ព័ត៌មានមានប្រភពច្បាស់លាស់ ពិតប្រាកដ ដើម្បីបានដឹងពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសរបស់ខ្លួន។
«VOD គឺរលាយអស់សិទ្ធិ ធ្វើសកម្មភាពនៅកម្ពុជា ហើយឥឡូវអត់ចោលសណ្តាន កាលពីមុនដោយសារតែដាក់ព័ត៌មានខុស (ក្លែងក្លាយ) វិជ្ជាជីវៈសារព័ត៌មានមិនមែនត្រូវគ្រប់ពេលនោះទេ ប៉ុន្តែនៅពេលដែលខ្លួនផ្សាយខុស ត្រូវផ្សាយចេញកែសម្រួល ពេលដែលខ្លួនដឹងការពិតយ៉ាង»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា វិជ្ជាជីវៈសារព័ត៌មាន ត្រូវទទួលស្គាល់នៅពេលដែលទទួលព័ត៌មានពិតប្រាកដ ដើម្បីផ្សាយឱ្យមិត្តអ្នកអានដែលតាមដានការផ្សាយរបស់ខ្លួនបានយល់ច្បាស់ពីព័ត៌មានត្រឹមត្រូវ ប្រសិនបើជាអ្នកប្រកបអាជីពដោយវិជ្ជាជីវៈ និងមានចេតនាពិតប្រាកដក្នុងការបញ្ជូនព័ត៌មានពិតដល់ដៃអ្នកអានរបស់ខ្លួនជាដើម។ ប៉ុន្តែ បើមានចេតនាអាក្រក់ហើយ បើទោះបីជាមានព័ត៌មានពិត ឱ្យចេញបកស្រាយហើយក៏នៅតែច្រានចោលដដែល។
ចំពោះករណីផ្សាយព័ត៌មានមិនពិតរបស់ VOD, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកថា វិទ្យុ VOD ធ្លាប់បានផ្សាយព័ត៌មានមិនពិត ដោយផ្សាយថា សម្តេចមានសិទ្ធិចុះហត្ថលេខាជំនួសរាជរដ្ឋាភិបាល ខណៈគ្រានោះសម្តេចមិនទាន់ទទួលបានតំណែងជានាយករដ្ឋមន្ត្រីនោះទេ។ ត្រង់ចំណុចនេះនៅពេលមានព័ត៌មានពិតប្រាកដ ដើម្បីឱ្យវិទ្យុ VOD ចេញផ្សាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានដឹងច្បាស់ ប៉ុន្តែ VOD បានច្រានចោលមិនផ្សាយកែតម្រូវព័ត៌មានក្លែងក្លាយរបស់ខ្លួនទៅវិញ។ តែបែរជាផ្សាយរុញបន្ថែមទៀត ចំអកឱ្យរាជរដ្ឋាភិបាល ក្នុងចេតនាចំណេញនយោបាយតាមរយៈព័ត៌មានមិនពិតដែលខ្លួនបានផ្សាយកន្លងមកនេះ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សាយរបស់ VOD Khmer ដែលថាវិទ្យាស្ថាននេះត្រូវបានលក់ទៅឱ្យឈ្មួញក្នុងរូបភាពដោះដូរដី។ ជុំវិញករណីនេះ សាលាតិចណូបានច្រានចោល និងបដិសេធទាំងស្រុង និងចាត់ទុកថាការផ្សាយនេះមិនពិត មិនមានមូលដ្ឋានច្បាស់លាស់ បង្ខូចកេរ្តិ៍ឈ្មោះរបស់វិទ្យាស្ថាន បំពុលសង្គម និងមានបំណងឱ្យមហាជនមានការភាន់ច្រឡំ។
បើតាមសេចក្តីប្រកាស, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពិសោធន៍ និងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវពូកែៗជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើការស្រាវជ្រាវជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ដោយកំពុងសាងសង់សាខារបស់វិទ្យាស្ថានមួយទៀត នៅតាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះផងដែរ៕