(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន សមាគម CATA សហគមន៍ សរុបចំនួន៧០រូប ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចុះពិនិត្យទិដ្ឋភាពពិតជាក់ស្តែងនៅគោលដៅទេសចរណ៍ធម្មជាតិកំពង់ភ្លុក ពិនិត្យហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ និងបរិស្ថានជុំវិញ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់លោកប្រធានសហគមន៍ លោកមេឃុំ ក៏ដូចជាអ្នកអុំទូកនៅក្នុងសហគមន៍ដែលភាគច្រើនជាស្ត្រី ក្នុងគោលដៅស្វែងរកនូវដំណោះស្រាយរួមគ្នា ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិចូលទស្សនាកម្សាន្តនៅគោលដៅទេសចរណ៍កំពង់ភ្លុកឱ្យបានកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា ភ្ញៀវទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗ នៅលើផ្ទៃទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក ទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ភោជនីយដ្ឋានបណ្តែតទឹក បែចិញ្ចឹមត្រី ជាពិសេសផ្តិតយកនូវរូបភាពស្អាតៗទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹងទន្លេសាប៕