(កែប)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះរាល់ពេលដែលសម្តេចទៅប្រជុំនៅក្រៅប្រទេស និងបានជួបជាមួយមេដឹកនាំនៅក្រៅប្រទេស ថ្នាក់ដឹកនាំ ម្នាក់ៗគឺមានការព្រួយបារម្ភ រឿងព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិម្មិត (AI) ដែលសុទ្ធតែអាចបង្កើតបញ្ហាចលាចលនៅក្នុងប្រទេសបាន។

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» ដែលមានតម្លៃជាង ១០លានដុល្លារ ស្ថិតនៅតាមបណ្ដោយឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «នៅពេលខ្ញុំទៅប្រជុំនៅក្រៅប្រទេស បានជួបជាមួយមេដឹកនាំនៅក្រៅប្រទេស ម្នាក់ៗគឺព្រួយបារម្ភរឿងព័ត៌មានក្លែងក្លាយ (Fake News) ម្នាក់ៗព្រួយបារម្ភរឿង បញ្ញាសិប្បនិម្មិត (AI) ឥលូវចេញពី Fake News ទៅ AI ដែល AI នេះគេអាចបង្កើតមនុស្សម្នាក់ រាងដូចយើង អ្វីៗដូចយើងយករូបយើងទៅដាក់សំលេងយើងតែម្តង, ជួនកាលអ្នកហ្នឹង​អត់ដឹងរឿងអីទេ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា សម្តេចបានមើលព័ត៌មាន Chanel News Asia គឺមានអ្នកលេង TikTok ម្នាក់ បានបង្កើតឱ្យមានអ្នកដែលមានឥទ្ធិពលក្នុងសង្គម (influencer) ដែលមានអ្នក Follow ជាង ២០លាននាក់ ហើយពេលគេសម្ភាសសួរនាំជាក់ស្តែង អ្នកដែលមានឥទ្ធិពលក្នុងសង្គមនោះគឺមិនមែនជាមនុស្សពិតប្រាកដនោះទេ គឺគ្រាន់តែជា AI ដែលគេបង្កើតឡើង ហើយដូចទៅនឹងមនុស្សពិតប្រាកដ ទាំងសម្តី កាយវិកា គឺដូចជាមនុស្សពិតប្រាកដ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដែរថា រឿងព័ត៌មានក្លែងក្លាយ (Fake News) នេះក៏ដូចគ្នាដែរ ពេលខ្លះគឺគេបានបង្កើតរឿងមិនពិត តែដោយសារតែរឿងតូចវាមិនមានបញ្ហានោះទេ តែពេលខ្លះវាជារឿងធំ​ដែលនាំឱ្យកើតមានបញ្ហា ហើយពាក់ព័ន្ធនឹងបញ្ហាទាំងនេះនៅប្រទេសអឺរ៉ុបខាងលិច គឺសុទ្ធតែមានច្បាប់លើអ្នកដែលមានចេតនាប្រមូលមនុស្សធ្វើអ្វីមួយដែលខុសច្បាប់ គឺសុទ្ធតែមានទោសផងដែរ៕