(កែប)៖ ​សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការគាំទ្រ និងកោតសរសើរអ្នកសារព័ត៌មានដែលបានផ្សាយព័ត៌មានពិត ដែលបាន​រួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋានបានលឿន និងធ្វើឱ្យពលរដ្ឋទទួលបាននូវព័ត៌មានពិត។​

​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤​។

សម្តេចមានការប្រសាសន៍ថា​ កន្លងមកការដោះស្រាយ​បញ្ហាមួយចំនួននៅតាមមូលដ្ឋានបានលឿន គឺដោយសារតាមរយៈអ្នកសារព័ត៌មានមួយចំនួន ​ដែលបាននូវផ្សាយព័ត៌មាន​នូវពិតច្បាស់ ដែលធ្វើឱ្យថ្នាក់ដឹកនាំក្តាប់បញ្ហាបាន និងចាត់តាំងបានលឿន។ ដូច្នេះហើយសម្តេចបានអរគុណ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យបន្តផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍ដល់សាធារជន និងសង្គមជាតិ។

ខណៈបច្ចុប្បន្ននេះ អ្នកសារព័ត៌មាននៅកម្ពុជាមានជាង១ម៉ឺននាក់ និង​អ្នកព័ត៌មានតាមអនឡាញជាច្រើននាក់ទៀត​ សម្តេចមានប្រសាសន៍ថា ការផ្សាយនូវព័ត៌មានពិត គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មាន ទៅដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចបានជំរុញ​ឱ្យស្ថាប័នសារព័ត៌មាន ដែលដឹងថាខ្លួនផ្សាយខុស ត្រូវ​ផ្សាយកែតម្រូវឡើងវិញ ដើម្បីឱ្យសាធារណជនដែលមើលព័ត៌មានរបស់ខ្លួនបានដឹងនូវព័ត៌មានពិត​ និងចៀសវាងផ្សាយព័ត៌មានដែលជាថ្នូរ នឹងការទទួលបាននូវផលប្រយោជន៍ណាមួយ។

សម្តេចមានប្រសាសន៍ថា «​​សូមផ្សាយឱ្យមានការទទួលខុសត្រូវ ព័ត៌មានឱ្យសុក្រឹត្រ និងមានភាពប្រាកដប្រជា ព័ត៌មានដែលមិនបម្រើដល់កត្តាអីផ្សេងៗ បើសិនជាខុសសូមកែសម្រួលឡើងវិញ បើផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ពេលដែលបានព័ត៌មានសូមផ្សាយទៅដើម្បីបង្ហាញថាខ្លួនជាអ្នកព័ត៌មានដែលមានវិជ្ជាជីវៈ អាព្យាក្រឹត្យ ហើយការប្រើប្រាស់ព័ត៌មានដើម្បីផលប្រយោជន៍អ្វីមួយ សេដ្ឋកិច្ច ឬអ្វីមួយ គឺត្រូវជៀសឱ្យផុត ព្រោះជួនកាល ឈ្លោះគ្នាលេងតាមព័ត៌មានទៅបង្កាត់បង្ខូចម្នាក់ផ្សេងៗទៀត អាហ្នឹងគេបានប្តឹងបាន»

សម្តេចបានថ្លែងថា បើទោះបីជាព័ត៌មានពិតផ្សព្វផ្សាយច្រើនក៏ដោយ ប៉ុន្តែក៏មានព័ត៌មានមិនពិតច្រើន ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អដល់សង្គម និងធ្វើឱ្យសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋត្រូវបានបំផ្លាញដោយ ព័ត៌មានមិនពិត។ សម្តេចធិបតីបានថ្លែងថា ប្រជាពលរដ្ឋម្នាក់ៗ មានសិទ្ធិក្នុងការទទួលបាននូវព័ត៌មានពិតប្រាកដ ដើម្បីដឹងពីប្រទេសរបស់ខ្លួន​៕