(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោយការពន្យល់ និងបង្ហាញ, ប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីចេតនារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម គឺគ្មានចេតនាណាមួយធ្វើឱ្យបាត់បង់ បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានស្តាប់ក្តីកង្វល់របស់ប្រជាពលរដ្ឋ ដោយបានខិតខំធ្វើការអភិវឌ្ឍព្រមទាំងកិច្ចការងារជាច្រើន។ ការងារកសាង អភិវឌ្ឍន៍ផ្លូវតាមក្រវាត់ព្រំដែន ការធានានូវ អធិបតេយ្យភាព បូរណភាពទឹកដី ការជំរុញការអភិវឌ្ឍខេត្តទាំង៤នៅទិសឦសាន។ ចំណុចនេះ គឺជាគោលបំណងនៅក្នុងរយៈពេល២៥ឆ្នាំ របស់រាជរដ្ឋាភិបាលបន្ទាប់ពីប្រទេសកម្ពុជា បានទទួលនូវសុខ សន្តិភាពពេញលេញ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជំរុញឱ្យខេត្តភូមិភាគឦសាននេះ មានការរីកចម្រើនបានលឿន តាមរយៈការប្រើប្រាស់ធនធានផ្ទាល់ខ្លួន និងធនធានរបស់ប្រទេសជិតខាង ដោយឈរលើយន្តការដែលបានព្រមព្រៀងគ្នាជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានជំរុញការកសាងផ្លូវតាមក្រវាត់ព្រំដែន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បន្ថែមទៀត ដើម្បីធានានូវអធិបតេយ្យភាពជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ចុងក្រោយនេះ ដើម្បីកុំឱ្យមានភាពហ្មងសៅ របស់ប្រជាពលរដ្ឋដោយប្រជាជនមួយក្រុមកុំឱ្យដកខ្លួន និងមួយក្រុមទៀតឱ្យដកខ្លួនចេញពី CLV-DTA ហើយឥឡូវកុំឱ្យ ប្រជាជនមានការបារម្ភ បើរាជរដ្ឋាភិបាលគិតគូរយ៉ាងម៉ត់ចត់មិនឱ្យបាត់បង់ទឹកដី ហើយយើងបានពន្យល់ច្រើនមកហើយ រាជរដ្ឋាភិបាលនៅថ្ងៃទី២០ ខែកញ្ញា បានជូនដំណឹងតាមនីតិវិធីទៅភាគីវៀតណាម និងឡាវ ដើម្បីដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA នេះ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាល់ការសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ (CLV-DAT) គឺយើងហ៊ានធានា អះអាង ហ៊ានធ្វើដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាជន។ ចំពោះករណី នេះក៏នៅមានក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេសបានចិញ្ចឹមចិត្ត បង្កើតចលនាដើម្បីប្រឆាំងរាជរដ្ឋាភិបាល តែគំនិតនេះមិនទទួលបានជោគជ័យនោះទេ ពីព្រោះប្រជាពលរដ្ឋបានយល់ដឹងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ និងការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ដូចការចោទប្រកាន់នោះទេ។
ទន្ទឹមនឹងនេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា៖ «មកដល់ម៉ោងនេះ ខ្ញុំសូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានយល់នូវឆន្ទៈ និងការស្មោះត្រង់របស់រាជរដ្ឋាភិបាល របស់យើង ជាពិសេសពាក់ព័ន្ធរឿងគម្រោង CLV-DTA នេះ យើងមិនដែលក្នុងពេលមួយណា ដែលធ្វើឱ្យបាត់បង់ ឬមានគោលដៅធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិនោះទេ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការចូលរួមគាំទ្រមកលើរាជរដ្ឋាភិបាលក្នុងការសម្រេចចិត្តកន្លងមកនេះ ព្រមទាំងបានចូលរួមបដិសេធដល់ក្រុមជ្រុលនិយមដែលបានព្យាយាមរុញច្រើនរឿងគម្រោង CVL-DAT ដើម្បីដុតបន្ថែមទៀត។ ការចេញមកបដិសេធលើក្រុមប្រឆាំងនៅក្រៅប្រទេសដែលព្យាយាមយករឿង CLV ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋ ពីព្រោះបងប្អូនប្រជាពលរដ្ឋបានយល់ច្បាស់ ការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានដឹងច្បាស់ពីកលល្បិចរបស់ក្រុមប្រឆាំងដែលបានយកបញ្ហា CVL ដុតបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
«ប្រជាជនគេលែងមានជំនឿហើយបានលែងចូលរួម សូម្បីតែលោកស្រី មួរ សុខហួរ ជិះយន្តហោះដល់កូរ៉េ ក៏មិនមានអ្នកចេញទៅគាំទ្រពីព្រោះប្រជាជនបានយល់ បានឃើញ និងមានភាពកក់ក្តៅចំពោះវិធានការនានា របស់រាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបង្កើតចលនា ឬរដ្ឋាភិបាលខុសច្បាប់នៅក្រៅប្រទេស គ្រាន់តែជាការបង្កើព្រឹត្តិការណ៍ ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ខ្លួន ខណៈអ្នកគាំទ្រជាច្រើន និងជាបន្តបន្ទាប់ បានដើរចេញពីពួកគេ មកចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមគណបក្សប្រជាជន.គួររំលឹកថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការបញ្ចប់កិច្ចការអភិវឌ្ឍន៍រួមគ្នាតំបន់ត្រីកោណ CLV ជាមួយឡាវ និងវៀតណាម ជាការគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ ក្នុងការបញ្ចប់នេះសម្តេចបានពិភាក្សាជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងបានជូនដំណឹងផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចរាល់ហើយ។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានផ្ញើលិខិតទៅកាន់សមាជិក CLV នៅថ្ងៃទី២០ កញ្ញា។ នៅក្នុងលិខិតនោះ ភាគីកម្ពុជាបានអះអាងថា បន្ទាប់ពីពិចារណា និងវាយតម្លៃលើវឌ្ឍនភាពកិច្ចការអភិវឌ្ឍន៍រួមគ្នាមក អាណត្តិនៃកិច្ចសហប្រតិបត្តិ គឺបានឈានដល់គោលដៅរបស់ខ្លួន។ ត្រង់ចំណុចនេះឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បង្ហាញការជឿជាក់ថា ប្រទេសនីមួយៗអាចមានសមត្ថភាពពេញលេញក្នុងការបន្ដ និងអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួនដោយឯករាជ្យ៕