(រដ្ឋហាវ៉ៃ, សហរដ្ឋអាមេរិក)៖ នៅក្នុងឱកាសអញ្ជើញចូលរួមពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ និងពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក កាលពីពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ SCOTT A. WINTER មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិកទទួលការងារយុទ្ធសាស្រ្ត និងផែនការ នៅមូលដ្ឋានទ័ព SHAFTER រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ កងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ដែលបានអញ្ជើញលោកដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ហើយនេះជាការបោះជំហានថ្មីបន្ថែមក្នុងការកសាងទំនុកចិត្តនិងការជឿជាក់ និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក ស្របតាមលទ្ធផលដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៤ និងលទ្ធផលជំនួបរវាង ឯកឧត្តម ជាមួយនឹង នាយឧត្តមសេនីយ៍ CHARLES A. FLYNN នៅប្រទេស FIJIJ។
ឧត្តមសេនីយ៍ទោ SCOTT A. WINTER បានស្វាគមន៍ និងសូមថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានធ្វើដំណើរឆ្លងមហាសមុទ្រ ដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នេះ។ សម្រាប់ឆ្នាំ២០២៥ខាងមុខ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នឹងផ្តល់វគ្គហ្វឹកហ្វឺនមួយចំនួន ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ (SMEE) ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលនេះជាដំណើរការកសាងទំនុកចិត្ត មុននឹងឈានដល់ការរៀបចំឡើងវិញនូវលំហាត់ឆ្មាំអង្គរ រវាងកងទ័ពជើងគោកទាំងពីរ។
លោកបានបន្ថែមថា នាយឧត្តមសេនីយ៍ RONALD P. CLARK ដែលទើបទទួលតំណែងបន្តពី នាយឧត្តមសេនីយ៍ CHARLES A. FLYNN មានគម្រោងមកទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ខាងមុខ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ៕