(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលនឹងអាចកើតមានឡើង ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែតុលា ឆ្នាំ២០១៦។នេះបើយោងតាម Facebook Page ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបង្ហោះឲ្យដឹងនៅមុននេះបន្តិច។
យោងតាម Facebook Page ផ្លូវការសម្តេតចតជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូចច្នេះថា «សូមប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលនឹងអាចកើតមានឡើងចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែតុលា ឆ្នាំ២០១៦»។
គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៦ ខែតុលាខាងមុខ កម្ពុជា នឹងរងបាតុភូធម្មជាតិ២ ដែលអាចធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយកាន់តែច្រើន។
បាតុភូតធម្មជាតិ នោះ គឺ មានព្យុះទី១៩ ឈ្មោះ AERA ដែលនឹងមានសម្ពាធទាប ហើយមានឥទ្ធិពលខ្លាំងលើសមុទ្រចិនខាងត្បូង និងកម្ពុជា។ មួយទៀតនោះ គឺ ប្រព័ន្ធសម្ពាធទាប បានរំកិលចុះមកភាគខាងត្បូងប្រទេសកម្ពុជា និងកំពុងមានឥទ្ធិពល លើប្រទេសកម្ពុជា និងតំបន់ដីសណ្តទន្លេមេគង្គ។
ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រយ័ត្នខ្ពស់ ក្នុងសប្តាហ៍នេះ ជាពិសេស ប្រជាពលរដ្ឋរស់នៅ តំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប អាចប្រឈមនឹងជំនន់ទឹកភ្លៀងជាងពេលកន្លងមក៕