(បាងកក-ថៃ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចនៅប៉ុន្មាននាទីមុននេះថា ការប្រជុំកំពូលកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៉ីលើកទី២ ក្រោមប្រធានបទ «អាស៉ីតែមួយ ថាមពលចម្រុះ» បានចាប់ផ្តើមហើយ។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជូនពរបងប្អូនជនរួមជាតិ ពីចម្ងាយសូមជួបតែសេចក្តីសុខផងដែរ។
សូមជម្រាបថា នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែនបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នាទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ទី១០ ខែតុលា ឆ្នាំ២០១៦។ ការអញ្ជើញចូលរួមរបស់ម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តី នៃប្រទេសថៃ។
សូមជម្រាបថា កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នាប្រទេសថៃ គឺជាវេទិកាមួយ មានគោលបំណងកសាង សហគមន៍អាស៊ី ឈរលើមូលដ្ឋាននៃភាពរឹងមាំ ពហុភាពធនធានដ៍ស្តុកស្តម្ភ និងភាពប្រកួតប្រជែង របស់ប្រទេសនីមួយនៅទ្វីបអាស៊ី៕