Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អឺរ៉ុប កំពុងព្រួយបារម្ភដោយសារ រុស្ស៊ី ដាក់ពង្រាយ​ប្រព័ន្ធបាញ់ មីស៊ីល-នុយក្លេអ៊ែរ ជាប់ព្រំដែន​នឹងបណ្តាប្រទេស​សមាជិក​អង្គការ ណាតូ

10-10-2016 12:00

(មូស្គូ)៖ ប្រទេសរុស្ស៊ី បានដាក់ពង្រាយប្រព័ន្ធមីស៊ីល Iskander ដែលមានសមត្ថភាពផ្ទុក និងបាញ់ ក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងទីក្រុង Kaliningrad ភាគខាងលិចប្រទេស ដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេស ប៉ូឡូញ និង លីទុយអានី ដែលជាសមាជិកអង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

ជុំវិញការដាក់ពង្រាយអាវុធនេះដែរ រដ្ឋាភិបាល ប៉ូឡូញ បានលើកឡើងថា ការវិវឌ្ឍស្ថានការណ៍ថ្មីនេះ បានបង្កការព្រួយបារម្ភជាខ្លាំងដល់ប្រទេសនេះ ក៏ដូចជាប្រទេសជិតខាងដែលនៅក្បែរនោះ និងបានបន្ថែមថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ លើស្ថានការណ៍នេះ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បានចេញមុខអះអាងថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលថ្មីនេះ គឺជាផ្នែកមួយនៃសមយុទ្ធយោធា របស់ប្រទេសរុស្ស៊ី នឹងធ្លាប់បានប្រព្រឹត្តទៅជាធម្មតានាពេលកន្លងមក។  

គួរបញ្ជាក់ថា ការបោះជំហ៊ានថ្មីមួយនេះរបស់រុស្ស៊ី អាចជាការធ្វើឡើងដើម្បីបង្ហាញពីការមិនសប្បាយចិត្ត របស់ខ្លួនចំពោះ NATO ដែលតែងតែមានការចុះសម្រុងជាមួយ នឹងរុស្ស៊ីលើបញ្ហា នៅស៊ីរីនិងអ៊ុយក្រែន។ ម៉្យាងវិញទៀត ប្រព័ន្ធមីស៊ីល Iskander ដែលអាចបាញ់បានក្នុងចង្ងាយ ៧០០គីឡូម៉ែត្រ ហើយត្រូវបាន ដាក់ពង្រាយ នៅក្នុងទីក្រុង Kaliningrad នៃប្រទេសរុស្ស៊ីនោះ អាចមានសមត្ថភាពវាយប្រហារ ដល់រដ្ឋធានីប៊ែរឡាំង របស់ប្រទេស អាល្លឺម៉ង់ ឯណោះ៕