(ស្វាយរៀង)៖ នៅក្នុងកម្មវិធីដង្ហែអង្គកឋិនទៅកាន់វត្តសាមគ្គីរតនមុនី ស្ថិតនៅក្នុងភូមិបុស្ស ឃុំស្វាយកាយ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានឆ្លៀតពេលរៀបចំពិធីជួបជុំសិល្បករ-សិល្បការិនីរៀមច្បងប្រមាណ៤០នាក់ ដែលសុទ្ធតែជាអ្នកសិល្ប:ជើងចាស់មានទីកំណើតនៅក្នុងខេត្តស្វាយរៀង និងព្រៃវែង។
នៅក្នុងកម្មវិធីជួបជុំនោះទៀតសោត ក៏មានការអញ្ជើញចូលរួមពីសម្តេចកិតិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ជាមួយនឹងការជួបជុំប្រកបដោយក្តីរីករាយនោះ លោកជំទាវអ្នកឧកញ៉ាក៏បានរៀបចំនូវពិធីហូបអាហារជុំគ្នា និងរៀបចំអំណោយមួយចំនួន អមដោយថវិកា១០ម៉ឺនរៀល សម្រាប់ចែកជូនពួកគាត់ក្នុងម្នាក់ៗផងដែរ។
លោកជំទាវអ្នកឧកញ៉ា បានមានប្រសាសន៍ថា ថ្ងៃនេះក្រៅពីយើងទាំងអស់គ្នាជាម្ចាស់ដើមទានប្រធានដើមបុណ្យ បានសាងមហាបុណ្យកុសលនៅក្នុងអង្គកឋិនរួមគ្នារួចហើយ, រូបលោកជំទាវអ្នកឧកញ៉ាផ្ទាល់ រួមទាំងឧត្តមស្វាមី អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ក៏បានរៀបចំនូវអំណោយមួយចំនួនសម្រាប់ចែកជូនដល់លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យ អ៊ុំពូមីង បងប្អូនជា ច្រើននាក់, ពិសេសសិល្បករ-សិល្បការិនីរៀមច្បង នៅក្នុងខេត្តស្វាយរៀង និងព្រៃវែង ប្រហែល ៤០នាក់ផ្សេងទៀតផងដែរ សរុបទាំងអស់មានចំនួន ១៥០នាក់។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បាននាំយកនូវអំណោយ ដោយក្នងកញ្ចប់អំណោយនីមួយៗ មានគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជា មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងអមដោយថវិកាក្នុងមួយនាក់ចំនួន ១០ម៉ឺនរៀលផងដែរ។
ជាមួយនឹងក្តីរំភើបនឹងអនិសង្សផលបុណ្យផងនោះ លោកជំទាវអ្នកឧកញ៉ា បានថ្លែងថា តាងនាមឱ្យក្រុមគ្រួសារលោកជំទាវអ្នកឧកញ៉ាទាំងអស់ រួមទាំងរូបលោកជំទាវអ្នកឧកញ៉ាផ្ទាល់ ក៏សូមគោរពថ្លែងអំណរ ព្រះគុណ និងអរគុណជាថ្មីម្តងទៀត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ដែលបានផ្តល់មហាកិត្តិយសចូលរួម និងចាប់មគ្គផលកុសលផលបុណ្យ ដើម្បីញ៉ាំងជាប្រយោជន៍ សម្រាប់វិស័យព្រះពុទ្ធសាសនាផង និងសង្គមទាំងជាតិទាំងមូលផងដែរ៕