(ព្រះវិហារ)៖ រយៈពេល២ថ្ងៃ នៃពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តព្រះវិហារ មានភ្ញៀវទេសចរចូលទស្សនាកម្សាន្តមានចំនួន ៥៣,០០០នាក់។ នេះបើតាមការឱ្យដឹងពីលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ នាព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា ពិធីប្រណាំងទូកនៅខេត្តព្រះវិហារបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីយដ្ឋានទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្ត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។។
ក្រៅពីពិធីប្រណាំងទូក ក៏មានការតាំងពិព័រណ៍ផលិតផល ម្ហូបអាហារនានា កម្មវិធីបង្ហោះគោម កម្មវិធីដុតក្រឡាន ដាល់អំបុក ពិធីបណ្តែតប្រទីប ការអុជកាំជ្រូច ការប្រគុំតន្ត្រីកម្សាន្តសប្បាយ ការសម្ដែងល្ខោនបាសាក់ជាដើម។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបញ្ជាក់ថា នៅក្នុងពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងតាំងពិព័រណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ រយ´ពេល២ថ្ងៃនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្តសរុបមានចំនួន ៥៣,០០០នាក់ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ មានចំនួនតែ ៩,៥០០នាក់ប៉ុណ្ណោះ៕