(កំពង់ធំ)៖ ក្រោមបទបញ្ជារបស់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កម្លាំងស្នាក់ការបរិស្ថានអូរផ្អាវ សហការជាមួយកម្លាំងស្នាក់ការច្រកតោល និងកម្លាំងស្នាក់ការបរិស្ថានព្រះអាទិត្យ បានបង្ក្រាបរថយន្តមួយគ្រឿងដែលធ្វើសកម្មភាព ដឹកជញ្ជូនផលអនុផលព្រៃឈើ។

ប្រតិបត្តិការបង្ក្រាបនេះនៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចស្ពានអូរល្អក់ UTM542748 - 1443921 ស្ថិតក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក តុប កក្កដា បានបញ្ជាក់ថា ករណីឃាត់បានរថយន្តមួយគ្រឿងម៉ាក HYUNDAI ទំងន់ផ្ទុក៥តោន ពាក់ស្លាកលេខ ភ្នំពេញ 3D-1918 ដឹកជញ្ជូនឈើមូលក្រលឹងហើយ ប្រភេទឈើកកោះរួមមានមុខកាត់៣០ជុំ ប្រវែង៣ម៉ែត្រ ចំនួន២១ដើម រីឯតៃកុងរថយន្ដគេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការបរិស្ថានអូងាវ ដើម្បីបន្តនីតិវិធី៕