(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានឧបត្ថម្ភថវិកាចំនួន១៥០លានរៀល ដល់រដ្ឋបាលខេត្តព្រះវិហារសម្រាប់រៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ។
ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ ធ្វើឡើងក្នុងឱកាសពិធីបិទការប្រណាំងទូក ដែលបានប្រារព្វធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីយដ្ឋានទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
លោក គីម រិទ្ធី បានថ្លែងនូវការសប្បាយរីករាយយ៉ាងក្រៃលែងដែលឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីតាមក្រុង ស្រុក ក្នុងខេត្តព្រះវិហារ ចូលរួមលេងកំសាន្តក្នុងពធីប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងការតាំងលក់ផលិតផល ការប្រគុំតន្ត្រី រយៈពេល២ថ្ងៃ នៅរមណីយដ្ឋានទំនប់៩៥ និងការសំដែងល្ខោនបាសាក់នៅវិមានឯករាជ្យផងដែរ។
លោកអភិបាលខេត្តព្រះវិហារ បានកត់សម្គាល់ថា ការប្រណាំងទូកនៅឆ្នាំ២០២៤នេះ គឺមានទូកចូលរួមរហូតជាង៣០ទូក ច្រើនជាងឆ្នាំកន្លងទៅ ហើយក្នុងនោះទូកខ្នាតអន្តរជាតិចំណុះ២២នាក់មានរហូតចំនួន២០ទូក ដែលខុសពីឆ្នាំកន្លងៗមកយើងមិនមានទូកប្រភេទនេះសម្រាប់ចូលរួមអ៊ុំប្រណាំងច្រើនទេ ប៉ុន្តែនៅឆ្នាំក្រោយទៀតលោកចង់ឃើញឱ្យមានទូកប្រភេទខ្នាតអន្តរជាតិចំណុះ២២នាក់នេះ យ៉ាងហោចណាស់ចំនួន៣០ទូកបានចូលរួមអ៊ុំប្រណាំង។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងប្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ពីគម្រោងអភិវឌ្ឍរមណីយដ្ឋានទំនប់៩៥នេះដើម្បីឱ្យមានការទាក់ទាញថែមទៀត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសសម្រាប់ការរៀបចំពិធីប្រណាំងទូកនៅឆ្នាំក្រោយៗទៀត ដោយធ្វើការអភិវឌ្ឍន៍ផ្លូវ ក៏ដូចជាសួនច្បារ ដោយលោកប្រសិទ្ធនាមសួនច្បារនៅរមណីយដ្ឋានទំនប់៩៥នេះ ជា «សួនសន្តិភាព»។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ លោក គីម រិទ្ធី បានគោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានឧបត្ថម្ភត្ថថវិកាចំនួន១៥០លានរៀលដល់រដ្ឋបាលខេត្តព្រះវិហារ។
លោក គីម រិទ្ធី និងលោកស្រី លោកប្រាក់ សុវណ្ណ បានអញ្ជើញប្រគល់ពានរង្វាន់និងថវិកាដល់ទូកង ទូកសហគមន៍ ដែលជាប់ចំណាត់ថ្នាក់លេខ១.២.៣ និងទូកង ទូកសហគមន៍ សហគមន៍ ដែលពុំជាប់ចំណាត់ថ្នាក់ផងដែរ។ក្នុងនោះលោកស្រី សុខា គងពិសី ភរិយាលោក គីម រិទ្ធី ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ទូកសហគមន៍ក្នុង១ទូកថវិកា១០០ដុល្លា និងទូកខ្នាតអន្តរជាតិចំណុះ២២នាក់ក្នុង១ទូក ថវិកា២០០ដុល្លា ព្រមទាំងចូលួមបណ្តែតប្រទីប បង្ហោះគោម និងទស្សនាការបាញ់កាំជ្រូចជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ៕