(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ខូយ រីដា អភិបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៥ ដែលមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិការ៉បមាត់ស្ទឹងពោធិ៍សាត់ នឹងបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងដើរលេងកម្សាន្ត រហូតទៅដល់២៧២,០០០នាក់។

សម្រាប់ពិធីបិទព្រឹត្តការណ៍នេះ គេសង្កេតឃើញមានវត្តមាន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៧ សមាជិកាសាខាសមាគមនារីខេត្ត ព្រមទាំងយុវជន យុវនារី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ខូយ រីដា បានឱ្យដឹងថា ពិធីបុណ្យអុំទូក គឺមានតាំងពីដូនតាមកម្ល៉េះ យើងអាចធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាថែរក្សាសុខសន្តិភាពដែលរកបានដោយកម្រនេះ ឱ្យបានគង់វង្ស ដើម្បីយើងបានរួមគ្នាប្រារព្ធពិធីប្រណាំងទូកនេះ ជារៀងរាល់ឆ្នាំ និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានបន្តថា រយៈពេលពីរថ្ងៃនេះ ក្នុងនាមគណៈកម្មការរៀបចំពិធីប្រណាំងទូក លោកសូមសម្ដែងនូវសេចក្តីសមនោស្សរីករាយយ៉ាងក្រៃលែង ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំនូវពិធីប្រណាំងទូកនេះឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបម្រើភាពសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិនាពេលនេះ។ ជាមួយគ្នានោះ លោកក៏សូមអរគុណទៅដល់ការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ពីគ្រប់អនុគណៈកម្មការ ដែលបានព្យាយាមបំពេញការងារ តាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានលទ្ធផលល្អ គួរជាទីស្ញប់ស្ញែង។

លោក ខូយ រីដា ក៏សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ប្រគេនព្រះមេគណ ព្រះអនុគណ លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ទាំងថវិកា និងសម្ភារៈ គាំទ្រដល់ដំណើរការកម្មវិធី និងសូមកោតសរសើរដោយស្មោះ ចំពោះគ្រប់អនុគណៈកម្មការទាំងអស់ ដែលខិតខំប្រឹងប្រែងរៀបចំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ប្រភពពីមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ ឆ្នាំនេះ មានរបៀបរៀបរយល្អជាងឆ្នាំមុនៗ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងកីឡាករអុំទូក និងការអនាម័យបរិស្ថាន ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាកំសាន្ត ២៧២,០០០នាក់ ក្នុងនោះទេសចរជាតិ ២៧១,៩៦៨នាក់ និងទេសចរបរទេស ៣២នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៣ គឺមានតែជាង២៤ម៉ឺននាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះ ឆ្នាំនេះយើងមានការដាក់តាំងពិព័រណ៌លក់ផលិតផលនានា និងទំនិញផ្សេងៗ និងពេលរាត្រី មានបាញ់កាំជ្រួចព្រោងព្រាត មានតន្ត្រីខ្នាតយក្ស ខ្នាតមធ្យម ប្រគុំរាំលេងកំសាន្ត ដែលញ៉ាំងឱ្យភ្ញៀវដែលមកទស្សនា កាន់តែពុះកញ្ជ្រោលផងដែរ។ បន្ថែមពីនោះ បើតាមការផ្ដល់ព័ត៌មានពីគណៈកម្មការបច្ចេកទេស បានឱ្យដឹងថា ទូក«ង» ដែលចូលរួមប្រកួតប្រជែងមានចំនួន៣១ទូក ស្មើនឹង១៦គូ មកពីបណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត វត្តអារាម វិស័យឯកជន និងក្រុងស្រុកទាំង០៧ ក្នុងខេត្តពោធិ៍សាត់ ដែលមានឯកសណ្ឋានចម្រុះព័ណ៌។

សូមបញ្ជាក់ថា នៅថ្ងៃបញ្ចប់ នៃការប្រណាំងទូក «ង» រយៈពេល២ថ្ងៃនេះ យើងបានរកឃើញទូក ដែលទទួលបានផែនពិសេស លេខ១ ចំនួន២ទូក «កម្លាំងសាមគ្គីនារីមានជ័យ និងរាំងទិលតេជៈសែនជ័យបារមីទន្លេសាប» ក្នុងមួយទូកទទួលបាន ពានរង្វាន់១ ទង់១ ប័ណ្ណសរសើរ១ ថវិកា៤លានរៀល, លេខ២​ ចំនួន៦ទូក​ ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា៣,៥០០,០០០រៀល, លេខ៣ ចំនួន៦ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា២,៥០០,០០០រៀល និងលេខ៤ ចំនួន២ទូក ទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា១,៥០០,០០០រៀល។

ផែនកិត្តិយស លេខ១​ ចំនួន២ទូក «នទីមង្គលកម្ពុជរតនៈមានជ័យ និងទ្រីភាពសែនជ័យបារមីលោកតាគ្រី» ក្នុងមួយទូកទទួលបានពាន់រង្វាន់១ ទង់១ ប័ណ្ណសសើរ១ និងថវិកា៤លានរៀល, លេខ២ ចំនួន៦ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា២,៥០០,០០០រៀល, លេខ៣ ចំនួន៦ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា១,៥០០,០០០រៀល, លេខ៤ ចំនួន១ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា១លានរៀល។ ដោយឡែកទូកនីមួយៗ ក៏ទទួលបានការឧបត្ថម្ភបន្ថែម ពីសប្បុរសជនផ្សេងៗទៀតផងដែរ៕