(ភ្នំពេញ)៖ នៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក ងួន ណារ៉ា ប្រធានសាលាដំបូង និងលោកស្រី, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងអនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង​ ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីទាំងអស់ បានធ្វើបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ការត្រីមាសក្នុងព័ទ្ធសីមាវត្ដឧទ័យរង្សី ហៅវត្ដអង្គ្រង ស្ថិតនៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

អង្គកឋិនទានមហាសាមគ្គីនេះ បានប្រមូលបច្ច័យកសាងជួសជុលឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្ដឧទ័យរង្សី និងបច្ច័យមួយចំនួនទៀតវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤ វត្ដទៀតមាន៖ វត្ដមង្គលរង្សី ហៅវត្ដទួលតាថុន ដើម្បីកសាងព្រះវិហារ, វត្ដនិគ្រោធារាម ហៅវត្ដជ្រៃ, វត្តកោះសិនសទ្ធា ហៅវត្ដដូនទ្រីលិច, វត្ដអម្ពវ័ន ហៅវត្ដដូនទ្រីជើង សរុបបច្ច័យចំនួន ៦០០ ០០០ ០០០រៀលសម្រាប់ប្រគេនទៅវត្ដនីមួយៗ។

បច្ច័យទាំង៦០០លានរៀលត្រូវបានប្រគេនព្រះសង្ឃតាមវត្តនីមួយៗរួមមាន៖

- វត្ដឧទ័យរង្សី ហៅវត្ដអង្គ្រង) ចំនួន ៣០០ ០០០ ០០០ រៀល
- វត្ដមង្គលរង្សី ហៅវត្តទួលតាថុន ចំនួន ១២០ ០០០ ០០០ រៀល
- វត្ដនិគ្រោធារាម ហៅវត្តជ្រៃ ចំនួន ៦០ ០០០ ០០០ រៀល
- វត្ដកោះសិនសុទ្ធ ហៅវត្តដូនទ្រីលិច ចំនួន ៦០ ០០០ ០០០ រៀល
- វត្ដអម្ពវ័ន ហៅវត្តដូនទ្រីជើង ចំនួន ៦០ ០០០ ០០០ រៀល៕