Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ACU សម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី (Video inside)

10-11-2024 18:38

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថារកស៊ីវាយថ្ម និងធ្វើផ្លូវ។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សេចក្តីរាយការណ៍ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។

សម្រាប់បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។ សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់នីតិវិធីសួរនាំ អាចធ្វើមិនទាន់ ដោយរង់ចាំទៅដល់ថ្ងៃស្អែកទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថារកស៊ីខាងវាយថ្ម និងធ្វើផ្លូវ៕