(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់សប្បុរសជននិងពុទ្ធបរិស័ទដែលបានដង្ហែអង្គកឋិនទានមកកាន់ វត្តឌួងសូរិយា ហៅវត្តក្តីដូង ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកស្រីបញ្ជាក់ថា អង្គកឋិនទានសាមគ្គីនេះរៀបចំទៅបានគឺដោយសារប្រទេសជាតិមានសុខសន្តិភាពនិងមានការចូលរួមពីសមាជិកសមាជិការក្រុមការងារមន្ទីរ អង្គភាព មន្ត្រីរាជការ និងលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំង អាជ្ញាធរ បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យ អង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីអារាម ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត ។
លោកស្រីបន្តថា បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ហើយបើទីអារាមណាមួយមិនមានកឋិនហែចូលទេទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមាន ត្រៃ ចីវរ សង្ឃាដិ ស្បង់ ព្រមទំាង ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្ត សំដៅទៅវត្តនោះ ក្នុងនោះមនុស្សប្រុសស្រី ក្មេងចាស់ តែងខ្លូន ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេមានប្រគំភ្លេងឆៃយុំាយ៉ាងពិរោះ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង។
លោកស្រីបន្តទៀតថា នេះគឺជាកម្លាំងសាមគ្គីកសាងនូវសមិទ្ធផល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិសេសលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន និងរក្សាបាននូវវប្បធម៌ ប្រពៃណីផងដែរ ។
តាមការបញ្ជាក់ពីព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ហៅវត្តក្ដីដូង និងជាធម្មធរមន្ត្រីសង្ឃស្រុកកំពង់ស្វាយបានឲ្យដឹងថាសាលាឆាន់ថ្មីមានបណ្តោយ ៤៧ ម៉ែត្រ ទទឹង ៣៥ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ សាលាឆ័ននេះសាង់សង់មិនទានរួចរាល់ទេដោយនៅខ្វះជញ្ជាំង ក្រាលការ៉ូ ថ្នាំលាប ពិដាន និងគំនូរជាដើម ហើយអង្គកឋិនទានសាមគ្គីនេះប្រមូលបច្ច័យបាន១១០លានផងដែរ ៕