(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញបើកវិញ្ញាសារប្រឡងគ្រូជាប់កិច្ចសន្យានៅមណ្ឌលបឋមសិក្សាកំពង់ចិន ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោកបានណែនាំដល់គណៈកម្មការប្រឡង សូមអនុវត្តកិច្ចការនេះប្រកបដោយតម្លាភាព គុណភាពប្រសិទ្ធភាព ដើម្បីទទួលបាននូវ លោកគ្រូ អ្នកគ្រូ កិច្ចសន្យាប្រកបដោយសមត្ថភាពដែលអាចចូលរួមក្នុងការអភិវឌ្ឍន៍និងលើកកម្ពស់គុណភាពអប់រំ ជាពិសេសតាមគោលការណ៍រាជរដ្ឋាភិបាលអាណត្តិទី ៧ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ានណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ លោកបានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំផ្ចង់ស្មារតីយកចិត្តទុកដាក់ក្នុងការប្រឡងនេះដើម្បីទទួលបាននូវលទ្ធផលល្អជាប់ជាស្ថាពរតាមបែបបច្ចេកទេស ការប្រកួតប្រជែងនិងអាទិភាព ហើយអាចមានឱកាសក្នុងការបម្រើរាជរដ្ឋាភិបាលក្នុងនាមជាបុគ្គលិកកិច្ចសន្យា
ពិសេសជាមួយរដ្ឋបាលស្រុកស្ទោង។

លោកបានបញ្ជាក់ថា ការប្រឡងរើសគ្រូកិច្ចសន្យានេះ គឺដើម្បីបំពេញបន្ថែមនូវកង្វះខាតបុគ្គលិកគ្រូបង្រៀនសម្រាប់បង្រៀននៅសាលាបឋមសិក្សាដែលឲ្យគ្រប់តាមចំនួននិងតម្រូវការនិងជាឱកាសមួយសម្រាប់បេក្ខជនក្នុងការបង្កើនសមត្ថភាពនិងអភិវឌ្ឍខ្លួនផងដែរ ហើយបេក្ខជនទាំងអស់ត្រូវរៀបចំនិងអភិវឌ្ឍន៍ឥរិយាបទរបស់ខ្លួនឲ្យបានសមរម្យ ជាគំរូល្អសម្រាប់សិស្សានុសិស្សនិងសហគមន៍ផងដែរ។

សូមបញ្ជាក់ថាក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះរដ្ឋបាលស្រុកស្ទោងត្រូវការបុគ្គលិកជាបកិច្ចសន្យាបង្រៀននៅបឋមសិក្សាចំនួន១៩នាក់ ហើយបេក្ខជនដែលអញ្ជើញដាក់ពាក្យប្រឡងមានចំនួន២១៣នាក់ និងអវត្តមាន៧នាក់។