(កាលីហ្វរញ៉ា)៖ មន្ត្រីប៉ូលិសយ៉ាងហោចណាស់ ១០២នាក់ បានស្លាប់នៅទូទាំងសហរដ្ឋអាមេរិក ខណៈមនុស្សជាង ៧១៥នាក់ ត្រូវបានប៉ូលិសអាមេរិកបាញ់សម្លាប់ នៅអំឡុងឆ្នាំ២០១៦ នេះ។ នេះបើយោងតាមទិន្នន័យចុងក្រោយ របស់ National Law Enforcement Officers Memorial Fund ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

ប្រភពដដែលបានឱ្យដឹងដែរថា ចំនួនមន្ត្រីប៉ូលិស ដែលត្រូវគេបាញ់ និង សម្លាប់នា ៩ខែដំបូងនៃ ឆ្នាំ២០១៦ នេះ បានកើនឡើង ៤០% បើធៀបទៅនឹងពេលដូចគ្នានៃឆ្នាំ២០១៥ ហើយការស្លាប់ទំាងនេះ ក៏រាប់បញ្ចូលប៉ូលិសពីរនាក់ ដែលត្រូវបានខ្មាន់កំាភ្លើងម្នាក់ឈ្មោះ John Felix អាយុ២៦ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃសៅរ៍ កន្លងទៅនៅក្នុងទីក្រុង Palm Springs នៃរដ្ឋ California ស្ថិតនៅចំងាយ១៧០ គីឡូម៉ែត្រពីទីក្រុង Los Angeles ផងដែរ។

គួរបញ្ជាក់ថា កាលពី០៣ថ្ងៃមុន មេបញ្ជាការប៉ូលិសម្នាក់ នៅទីក្រុង Los Angeles​ ត្រូវបានខ្មាន់កំាភ្លើង ដែលជាពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់បាញ់សម្លាប់ ហើយនៅថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ខ្មាន់កំាភ្លើង ស្បែកខ្មៅម្នាក់ទៀត  បានបាញ់សម្លាប់ប៉ូលិស០៣នាក់ នៅឯទីក្រុង Baton Rough នៃរដ្ឋ Louisiana។

ជាងនេះទៅទៀត នៅក្នុងថ្ងៃដដែលនេះដែរ នៅឯទីក្រុង Dallas ក្នុងរដ្ឋ Texas​ មន្ត្រីប៉ូលិស ០៥នាក់ ក៏ត្រូវបានគេបាញ់សម្លាប់ផងដែរ នៅអំឡុងពេលនៃបាតុកម្មដោយសន្តិវិធី របស់ក្រុមសកម្មជន Black Lives Matter ដើម្បីតវ៉ាប្រឆាំងទៅនឹងការប្រើប្រាស់អំពើហិង្សា និង ការរើសអើងរបស់ប៉ូលិស មកលើពលរដ្ឋអាមេរិកស្បែកខ្មៅ ដែលជាជំងឺសង្គមរាប់សតវត្សរ៍មកហើយ៕