(សៀមរាប)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺបានចំណាយពេលមួយថ្ងៃពេញ នៅលើទឹកដីខេត្តសៀមរាប។
ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងអមដំណើរដោយលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀម បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី និងប្រគេនទេយ្យទាន ដល់វត្តរាជបូណ៌ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីបូជាព្រះរតនត្រ័យ នៅវត្តរាជបូណ៌រួច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំប្រតិភូបន្តទៅបូជាទៀនធូបផ្កាភ្ញីនៅព្រះអង្គចេក ព្រះអង្គចម ដើម្បីឧទ្ទិសបួងសួងទសបារមីព្រះអង្គចេក ព្រះអង្គចម សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួបតែសុខសន្តិភាពត្រជាក់ត្រជុំថ្កុំថ្កើន មានការអភិវឌ្ឍគ្រប់ច្រកល្ហកទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារទាំងអស់ រស់នៅក្រោមម្លប់សន្តិភាព និងមានសេដ្ឋកិច្ចខ្ពង់ខ្ពស់គ្រប់ក្រុមគ្រួសារទាំងអស់។
ក្នុងឳកាសដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារបានបូជាទៀនធូបផ្កាភ្ញីនៅព្រះអង្គចេក ព្រះអង្គចមរួចមក, សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូ អម ដំណើរជាច្រើនរូបទៀត ក៏បានបន្ដដំណើរអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា ដើម ពោធិ ព្រឹក្សនេះ បានអារាធនាពីប្រទេសស្រីលង្កា ដែលជាដើមពោធិព្រឹក្សផ្សាំមែកពីដើមកំណើត ដែលមានប្រវត្តិជាក់លាក់។ ម្យ៉ាងដោយសារមណ្ឌលនេះ ជាមណ្ឌលវិបស្សនាមួយដែលមាន ទីធ្លា ធំទូលាយ ស្ងប់ស្ងាត់ ត្រូវការមានដើមឈើជាម្លប់ ទើបធ្វើពិធីដាំនៅទីនេះ ដើម្បីទុកជាកន្លែង សកា្ករបូជា ទៅដល់ប្រជាពុទ្ឋបរិស័ទ ក៏ដូចជាសិស្សដែលអញ្ជើញមកធ្វើវិប្បសនានៅទីនេះ។
បើតាមគណៈកម្មការនៅមណ្ឌលវិប្បសនានេះបានឱ្យដឹងដែរថា ការដាំឈើនាឱកាសនេះ ក៏ជាការ ផ្សព្វ ផ្សាយមួយផងដែរ ដើម្បីថ្នាក់ដឹកនាំក៏ដូចជាសិស្សថ្មី បានស្គាល់ពីកន្លែងវិប្បសនា ដែលមានទីធ្លា ដ៏ធំទូលាយមួយនេះ។ ម្យ៉ាងទៀតឱកាស នេះក៏ជាការផ្សព្វផ្សាយ អំពីបច្ចេកទេសធ្វើវិបស្សនា ទៅដល់សិស្សថ្មី និងសិស្សចាស់បន្ថែមទៀតផងដែរ ដើម្បីឱ្យយល់ដឹងបន្ថែម អំពីវិធីធ្វើសមាធិវិបស្សនា។
លោកអុំគណៈកម្មការនៅ មណ្ឌលវិប្បសនាឱ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ខាងក្រុមគណៈកម្មការ និងសិស្ស ដែលអញ្ជើញមកសមាធិនៅទីនេះ និងបន្តដាំដើម្បីឈើចំនួនជាង៣០០ដើមបន្ថែមទៀត នៅក្នុងបរិវេណមណ្ឌលនេះ ដែលជាប្រភេទឈើប្រណិតៗដើម្បីទុកជាម្លប់។
សូមជម្រាបផងដែរថាកន្លងមកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋសូមរួមគ្នាថែរក្សាការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀតឱ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយពោរពេញទៅដោយបរិស្ថានបៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេសសូមបញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្មចម្រុះ តាមធម្មជាតិវិញ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ សង្គមជាតិប្រកបដោយសុខុមាលភាព។
ជាមួយគ្នានោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណចំពោះមណ្ឌលវិបស្សនា ដែលបានប្រមូលផ្តុំអ្នកបច្ចេកទេសជំនាញវិបស្សនា និងជ្រើសរើសទីតាំងល្អ សម្រាប់ធ្វើកន្លែងសមាធិវិបស្សនា។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានថ្លែងអំណរគុណ និងកោតសរសើរប្រធានមណ្ឌលវិបស្សនា ដែលបានផ្ដួចផ្ដើមកសាងមណ្ឌលដ៏ធំមួយនេះឡើង ធ្វើជាកន្លែងសិក្សាប្រតិបត្តិព្រះធម៌ អប់រំចិត្ត និងបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យបានប្រកបដោយគុណធម៌ ហើយបាននិងកំពុងអភិវឌ្ឍទីនេះ ឱ្យទៅជារមណីដ្ឋានទេសចរណ៍ ព្រះពុទ្ធសាសនា ដែលមានពណ៌បៃតងស្រស់បំព្រងទៀតផង៕