(មណ្ឌលគីរី)៖ កូនដំរីព្រៃញីមួយក្បាល ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយដៃគូមានអង្គការWCS អង្គការWWF អង្គការWA និងប្រជាសហគមន៍មូលដ្ឋានក្រោយ ក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯងជាងមួយសប្តាហ៍។

ដំរីនេះ ត្រូវបានរកឃើញនៅក្បែរចំការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប្រជាសហគមន៍ អំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែល ពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាម រស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ, មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ប៉ុន្តែក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមាន ហ្វូងមេបាឆ្លងកាត់អាចឲ្យកូនដំរីនេះវិលត្រលប់ទៅរួមរស់ក្នុងសង្គមគ្រួសារវិញបាន។

ក្រុមការងារឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃភ្នំព្រិច, សហគមន៍ល្បាត, ប្រជាសហគមន៍មូលដ្ឋាន, អង្គការWCS, អង្គការWWF និងអង្គការWA ប្រមាណជិត៣០នាក់ បានបើកប្រតិបត្តិការជួយសង្គ្រោះកូនដំរីមួយក្បាលនេះរយៈពេល០២ថ្ងៃ (ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤) និងដឹកជញ្ជូននាំកូនដំរីនេះមកដល់ឧទ្យានសួនសត្វ ព្រៃការពា និងសួនភូតគាម «ភ្នំតាម៉ៅ» ដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង៦:៥០នាទីរសៀល។

បើតាមការបញ្ជាក់របស់ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង បច្ចុប្បន្នកូនដំរីកំពុងស្ថិតនៅក្រោមការមើលថែនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ ហើយក៏មានសុខភាពល្អប្រសើរឡើងវិញផងដែរ៕