(ភ្នំពេញ)៖ រយៈពេល៩ខែឆ្នាំ២០២៤ (ខែមករា-ខែកញ្ញា) នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨០០,៥៣២នាក់ កើនឡើង ២២.២ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ក្នុងចំណោមភ្ញៀវអន្តរជាតិដែលចូលមកទស្សនានោះ មកតាមផ្លូវអាកាសមានចំនួន ១,៧០២,៧៦៨នាក់ កើនឡើង ២៧ភាគរយ មកតាមផ្លូវគោកមានចំនួន ៣,០៩៧,៧១១នាក់ កើនឡើង ១៩.៥ភាគរយ និងមកតាមផ្លូវទឹកមានចំនួន ៥៧,០៥៣នាក់ កើនឡើង ៣៩ភាគរយ។

ចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាច្រើនជាងគេ រួមមាន៖
១០៖ ចក្រភពអង់គ្លេស ៨១.២០៨នាក់
៩៖ ជប៉ុន ៨១,៨០២នាក់
៨៖ បារាំង ៩០,០៧៣នាក់
៧៖ ឥណ្ឌូណេស៊ី ១២៣,៤៣៧នាក់
៦៖ កូរ៉េខាងត្បូង ១៤៤,២៩៣នាក់
៥៖ សហរដ្ឋអាមេរិក ១៥០,៩៩៨នាក់
៤៖ ឡាវ ២៦៥,៣៩០នាក់
៣៖ ចិន ៦០៧,៥៤២នាក់
២៖ វៀតណាម ៩៧៣,៤០៧នាក់
១៖ ថៃ ១,៥២៧,៦៦៨នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរកម្ពុជាដែលចេញទៅក្រៅប្រទេសមានចំនួន ១,៣៦៣,២៧៣នាក់ កើនឡើង ៣.២ភាគរយ៕