(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងអញ្ជើញមកពំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅក្នុងដំណើរ ទស្សនកិច្ចជាលើកដំបូងនៅកម្ពុជាក្នុងឋានៈជាប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងចូលជួប សម្តែងការគួរសមជាមួយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីចិន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ព្រមទាំងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនទៀត។
បើតាមសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី០៦ ខែតុលា កន្លងទៅថា កិច្ចព្រមព្រៀង និងពិធីសារមិនតិចជាង ២៨ឡើយ នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន។
សូមបញ្ជាក់ថា លោក ហ្ស៊ី ជីនពីង ធ្លាប់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាម្តងរួចមកហើយកាលពីឆ្នាំ២០០៩ ក្នុងឋានៈជាអនុប្រធានាធិបតីចិន៕