(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កំពុងបើកការស្រាវជ្រាវចាប់ខ្លួនបុរស៣នាក់ ដែលថតរូបមានម្នាក់សំញែងអាវុធខ្លី ហើយបង្ហោះនៅតាមបណ្ដាញសង្គម ដែលនាំឲ្យផ្ទុះការរិះគន់ធ្លាក់មកជាបន្ដបន្ទាប់។
តាមរយៈសេចក្ដីបំភ្លឺ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអះអាងថា រូបភាពដែលត្រូវបានគេចែកចាយនោះ ជារូបភាពចាស់ ព្រោះម្នាក់ក្នុងចំណោមអ្នកទាំង៣ ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅហើយ ទាក់ទិនករណីកាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់។
រូបភាពដែលរងនូវការរិះគន់នេះ បានបង្ហាញថា មានបុរស៣នាក់ ដោយក្នុងនោះម្នាក់ឈរកណ្ដាលទំនងជាជនជាតិចិន ខណៈអ្នកឈរអមសងខាង ដោតខាងស្ដាំនៃរូបភាពមានកាន់កាំភ្លើងសំញែងចេញខាងក្រៅ។
ផ្អែកតាមការស្រាវជ្រាវ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រូបភាពខាងលើ គឺជារូបភាពចាស់ ដែលបានថតកាលពីពេលកន្លងទៅ ព្រោះក្នុងចំណោមរូបថតអ្នកទាំង៣នាក់ មានបុគ្គល២នាក់ ដែលស្លៀកពាក់ស្រដៀងគ្នា ពួកគេជាប់ពាក់ព័ន្ធក្នុងករណីកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលត្រីដូហ្វីន សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងចំណោមអ្នកទាំង២នាក់ មានជនសង្ស័យម្នាក់ឈ្មោះ សាន ឆលីហ៊ាន ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ដែលពាក់ព័ន្ធនឹងបទល្មើសខាងលើ។
ដោយឡែកជនម្នាក់ទៀត ក្នុងរូបមានកាន់អាវុធខ្លីមាន ឈ្មោះ អានុន និងបក្ខពួកកំពុងរត់គេច សមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួន៕