(បារាំង)៖ ក្នុងអំឡុងពេលកំពុងបំពេញបេសកកម្ម នៅក្នុងប្រទេសបារាំង គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានបន្តអមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយលោក Jonathan TURGY អ្នកគ្រប់គ្រងការដេញថ្លៃ និងអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន Systra និងលោក Marc Giroussens អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Artelia ក្នុងកិច្ចប្រជុំរួមគ្នានៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Alstom Group នារសៀលថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

របៀបវារៈក្នុងកិច្ចប្រជុំនាឱកាសនេះ បានផ្ដោតការពិភាក្សាផ្លាស់ប្ដូរយោបល់ លើបរិយាកាសវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពិសេសក្នុងប្រព័ន្ធផ្លូវដែក ដើម្បីចូល​រួម​គាំទ្រដល់ភាពរីកចម្រើន របស់សង្គមសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Systra គឺជាក្រុមហ៊ុនវិស្វកម្មដែលផ្ដល់សេវាកម្មប្រឹក្សាលើការដឹកជញ្ជូនសាធារណៈ និងការរចនា វិស្វកម្ម និងគ្រប់គ្រងគម្រោងដែលទាក់ទងនឹងប្រព័ន្ធផ្លូវដែក និងប្រព័ន្ធដឹកជញ្ជូនធំៗ ដូចជារថភ្លើងក្រោមដី ផ្លូវរថភ្លើងធុនស្រាល ផ្លូវរថភ្លើង ផ្លូវរថភ្លើងល្បឿនលឿន និងប្រព័ន្ធដឹកជញ្ជូនរហ័សជាដើម។

ចំពោះក្រុមហ៊ុន Artelia គឺជាក្រុមហ៊ុនវិស្វកម្មអន្តរជាតិរបស់បារាំង ដែលផ្ដល់សេវាកម្មលើការគ្រប់គ្រងគម្រោង និងប្រឹក្សាយោបល់ មានឯកទេសលើផ្នែកសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទឹក ថាមពល និងគម្រោងបរិស្ថានផងដែរ៕