
ប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគលើវិស័យដឹកជញ្ជូន តាមផ្លូវដែកដ៏ធំជាងគេនៅបារាំង និងអឺរ៉ុប
09-11-2024 21:05
(បារាំង)៖ ប្រតិភូសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Philippe Delleur អនុប្រធានជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Alstom Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនតាមផ្លូវដែកដ៏ធំជាងគេ នៅក្នុងប្រទេសបារាំង និងក្នុងទ្វីបអឺរ៉ុប។
តាមរយៈជំនួបនេះ ក្រុមហ៊ុនបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ព្រមទាំងបង្ហាញសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាពចូលរួមជំរុញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា ឱ្យស្របតាមបច្ចេកទេសជាសកល ដែលអាចជំរុញភាពទាន់ពេលវេលា និងកាត់បន្ថយការបំពុលបរិស្ថានជាដើម។
ក្នុងកិច្ចពិភាក្សានេះដែរឧបនាយករដ្ឋមន្រ្តី ជម្រាបជូនអំពីកិច្ចការងារ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តលើការធ្វើឱ្យប្រសើរឡើង និងសិក្សាសមិទ្ធិលទ្ធភាពលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា មានជាអាទិ៍ ការធ្វើឱ្យប្រសើរឡើងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត, ការធ្វើឱ្យប្រសើរឡើងផ្លូវដែក ភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានសៀមរាប-ក្រុងសៀមរាប, និងគម្រោងសិក្សាសមិទ្ធិលទ្ធភាព ប្រភេទរថភ្លើងក្រោមដី, AGT, Monorail និង Metro ជាដើម៕