(ភ្នំពេញ)៖ សិក្ខាកាមប្រមាណ ៦៤នាក់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានទទួលការបណ្ដុះបណ្ដាលយ៉ាងទូលំទូលាយ ពាក់ព័ន្ធនឹងវិស័យសុខភាព និងសុវត្ថិភាពការងារ ដែលត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ JATA របស់ជប៉ុន ក្នុងសិក្ខាសាលាស្ដីពី ការពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារនៅកម្ពុជា នាសណ្ឋាគារភ្នំពេញ។
សិក្ខាសាលាស្ដីពី ការពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារនៅកម្ពុជានេះ ធ្វើឡើងក្រោមវត្តមាន លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពី លោក គូស៊ូគិ អូសាកា នាយកគម្រោងអន្តរជាតិ នៃសមាគមកំចាត់រោគរបេងប្រទេសជប៉ុន ក្នុងគោលបំណងចែករំលែកបទពិសោធន៍ស្ដីពី ការអនុវត្តវិស័យសុខភាព និងសុវត្ថិភាពការងាររវាងកម្ពុជា និងជប៉ុន សំដៅលើកកម្ពស់ការយល់ដឹងអំពី វិស័យសុខភាព និងសុវត្ថិភាពការងារនៃប្រទេសទាំង២ ព្រមទាំងរិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឱ្យដឹងថា ការពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារ ជាទិសដៅរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តន៍នៅក្នុងកម្មវិធីទី៤ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្តីបានបន្តថា «ជាលទ្ធផល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកែលម្អប្រព័ន្ធអធិការកិច្ចការងារ និងអធិការកិច្ចសុខភាព និងសុវត្ថិភាពការងារ ការដាក់ឱ្យអនុវត្តរបប ថែទាំសុខភាព សម្រាប់កម្មករនិយោជិត ដែលស្ថិតក្រោមច្បាប់ស្ដីពី ការបង្កើតគណៈកម្មាធិការសុខភាព និងសុវត្ថិភាពការងារ ព្រមទាំងគម្រោងបង្កើតមន្ទីរពិសោធន៍សុខភាព និងសុវត្ថិភាពការងារ នាពេលខាងមុខ ដើម្បីពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ដែលជាកម្លាំងជំរុញដ៏សំខាន់ ក្នុងការកសាងវប្បធម៌សុខភាព និងសុវត្ថិភាពការងារ នៅកន្លែងធ្វើការ»។
ជាមួយគ្នានេះ លោក គូស៊ូគិ អូសាកា បានឱ្យដឹងដែរថា អង្គការ JATA របស់ជប៉ុន បានបង្កើតឡើងនៅឆ្នាំ១៩៩០ ហើយបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់មកហើយដែរ ដោយបានផ្ដល់ជាជំនួយបច្ចេកទេស និងមធ្យោបាយជាច្រើន តាមរយៈអង្គការ JICA ហើយបច្ចុប្បន្ន អង្គការ JATA បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានសុខាភិបាលកម្ពុជា ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងជំងឺមិនឆ្លងនានា នៅទូទៅប្រទេសកម្ពុជា ពិសេសគឺនៅតាមរោងចក្រ សហគ្រាសជាដើម។
លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានក្រើនរំឭកថា ដើម្បីសម្រេចបានគោលដៅអនុវត្តពង្រឹងវិស័យសុខាភិបាល និងសុវត្ថិភាពការងារនេះ «យើងមិនត្រឹមតែត្រូវការកសាងក្របខណ្ឌច្បាប់ស្ដីពី សុខភាព និងសុវត្ថិភាពការងារ ឱ្យបានទូលំទូលាយ ធនធានមនុស្ស និងគ្រឿងបរិក្ខាទំនើបទាន់សម័យប៉ុណ្ណោះទេ គឺត្រូវទាមទារជាចាំបាច់ឱ្យមានការរួមចំណែក ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងភាគីពាក់ព័ន្ធទាំងអស់»៕