(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានមើលឃើញថា កម្ពុជា-ថៃ នៅមានសក្តានុពលលើការវិនិយោគ និងពាណិជ្ជកម្មជាច្រើនទៀត ដែលគួរតែប្រឹងប្រែងជំរុញ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឲ្យដល់១៥ពាន់លានដុល្លារអាមេរិក ឲ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។

ការយល់ស្របគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មរវាង សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ បានធ្វើឡើងក្នុងជំនួបពិភាក្សា នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ។

ក្រៅពីឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មឲ្យដល់ ១៥ពាន់លានដុល្លារអាមេរិកហើយ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ក៏បានបង្ហាញនូវក្តីរីករាយផងដែរ ចំពោះការកើនឡើងខ្ពស់ នៃទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៦ ក៏ដូចជាឆ្នាំកន្លង ទៅ។

យោងតាមតួលេខដែលបានបង្ហាញ បានឲ្យដឹងថា នៅឆ្នាំ២០១៤កន្លងទៅ ការនាំចូលពីប្រទេសថៃ មកកាន់កម្ពុជា មានទឹកប្រាក់ ៤ពាន់ ២៥លានដុល្លារអាមេរិក ហើយការនាំចេញពីកម្ពុជា ទៅប្រទេសថៃ មានទឹកប្រាក់ ៥៨៩លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំ២០១៦ នេះវិញ ការនាំចូលពីប្រទេសថៃ មកកាន់កម្ពុជា មានទឹកប្រាក់ ៤ពាន់ ៦៨៩លានដុល្លារអាមេរិក ហើយការនាំចេញពីកម្ពុជា ទៅប្រទេស ថៃ មានទឹកប្រាក់ ៦៣៩លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា ចាត់ទុកទំហំពាណិជ្ជកម្មនេះថា ជាទំហំពាណិជ្ជកម្មជាប់ចំណាត់ថ្នាក់ទី១ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់៕