(រតនគិរី)៖ ដើម្បីចូលរួមអបអរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្តរតនគិរី រៀបចំព្រឹត្តិការណ៍អុំទូកឆ្នាំ២០២៤ នៅរមណីយដ្ឋានបឹងកន្សែង នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី។
ថ្លែងទៅកាន់កីឡាករ កីឡាការនី និងមហាជនដែលបានចូលរួមនាឱកាសនេះ លោក ញ៉ែម សំអឿន តាងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី បានសម្តែងនូវមោទនភាពដោយរដ្ឋបាលខេត្តរតនគិរីបានប្រារព្ធពិធីប្រណាំង ទូកដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅរមណីដ្ឋាន បឹងកន្សែងនាពេលនេះ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ព្រឹត្តិការណ៍ប្រណាំងទូកសម្រាប់ឆ្នាំ២០២៤ នៅខេត្តរតនគិរី ក្នុងឱកាសនេះ មានចំនួនទូក បានចុះឈ្មោះក្នុងបញ្ជីសរុបចំនួន៣៧ទូក ស្មើនឹង១៨គូ ក្នុងនោះមាន៖ ទូកផ្នែកបុរស ចំនួន៣៥ទូក, ទូកចំណុះពី ៦នាក់ ទៅ១០នាក់ មានចំនួន១៥ទូក ស្មើនឹង៧គូ, ទូកចំណុះពី១១នាក់ ទៅ១៥នាក់ មានចំនួន២០ទូក ស្មើនឹង១០គូ និងទូកផ្នែកនារី ចំនួន២ទូក ស្មើនឹង១គូ។
យោងតាមសេចក្តីណែនាំ របស់គណៈកម្មាធិការៀបចំបុណ្យជាតិអន្តរជាតិ និងផ្អែកតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ឆ្នាំនេះគ្រប់ព្រឹត្តិការណ៍ទាំងអស់ ត្រូវតែរៀបចំឲ្យមានទ្រង់ទ្រាយធំៗ និងល្អប្រណិត ដើម្បីបង្កលក្ខណៈសប្បាយ រីករាយជូនសាធារណជនក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមកំសាន្តសប្បាយ និងស្គាល់ពីវប្បធម៌ ប្រពៃណីជាតិខ្មែរ និងបានយល់ដឹងខ្លះៗ អំពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ៕