(កំពង់ធំ)៖ រយៈពេល៦ខែមកនេះ កម្លាំងចម្រុះរកឃើញដីព្រៃឈើដែលបានលួចកាប់ទន្ទ្រានថ្មីៗចំនួន២,៤៦០ហិកតា លើ១៨៦ទីតាំង នៅក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ ខណៈបច្ចុប្បន្នបានដំណើរការដាំស្ដារព្រៃឈើឡើងវិញ បាន៥ម៉ឺនដើម លើផ្ទៃដី៧០ហិកតា ដែលការងារនេះលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំក្រុមការងារ និងកម្លាំងសមត្ថកិច្ចត្រូវបន្ដប្រឹងប្រែងបន្ថែមទៀត។
ការណែនាំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសលោកអញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរយៈពេល៦ខែ ចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
លោកបានថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបមិនឲ្យមានការកើតឡើងជាថ្មី ក្នុងរយៈពេល៦ខែកន្លងទៅ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានចូលរួមយ៉ាងសកម្ម ក្នុងការដាំស្ដារព្រៃឈើឡើងវិញ បានរាប់ម៉ឺនដើមនៅក្នុងភូមិសាស្ត្រខេត្ត។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា កងកម្លាំងទាំងអស់ត្រូវបន្តសហជាមួយអាជ្ញាធរដែនដី មន្ត្រីស្ថាប័នជំនាញដែលមានការពាក់ព័ន្ធនៅគ្រប់បណ្ដាថ្នាក់ បន្តចូលរួមក្នុងសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនឲ្យមានការកើតឡើងជាថ្មីបានជាដាច់ខាត ពិសេសអនុវត្តតាមភារកិច្ចដែលបានប្រគល់ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដោយគ្មានការដកថយឡើយ។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានឡើងមានមតិបំពេញបន្ថែមអំពីចំណុចខ្លាំងដែលសម្រេចបាន ក្នុងរយៈពេល៦ខែកន្លងទៅនេះ គឺកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទប់ស្កាត់ និងបង្ក្រាបមិនឲ្យមានការកើតឡើងជាថ្មី នូវការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិបានឡើយ។
លោកបន្ដថា កងកម្លាំងចម្រុះបានធ្វើសកម្មភាពរកឃើញដីព្រៃឈើ ដែលបានលួចកាប់ទន្ទ្រានថ្មីៗ មុនពេលកងកម្លាំងចម្រុះចេញប្រតិបត្តិការ មានចំនួនជាង២,៤៦០ហិកតា លើ១៨៦ទីតាំង ដែលបច្ចុប្បន្ននេះកំពុងធ្វើការគ្រប់គ្រង និងដំណើរការដាំស្ដារព្រៃឈើឡើងវិញបានជាង៥ម៉ឺនដើម លើផ្ទៃដី៧០ហិកតា។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួន ក្នុងពេលកងកម្លាំងចម្រុះប្រតិបត្តិការ និងបានសំណូមពរកិច្ចការចាំបាច់ដែលត្រូវដោះស្រាយ ព្រមទាំងបញ្ជាក់ជូនអំពីទិសដៅសំខាន់ៗមួយចំនួន ក្នុងការការពារទប់ស្កាត់មិនឲ្យមានការកើតឡើងជាថ្មី នូវបទល្មើសធនធានធម្មជាតិ និងការចាត់វិធានការបន្តដាំស្ដារព្រៃឈើឡើងវិញ៕