(កំពង់ធំ)៖ រដ្ឋបាលខេតុ្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ឆ្នាំ២០២៤) ក្រោមអធិបតីភាពលោក ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក នួន ផារ័ត្ន អភិបាលខេត្ត នៅទីតាំងវិមានឯករាជ្យ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ និងយុវជនសហភាពសហព័ន្ធកម្ពុជា ជាច្រើនរូបទៀត។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពណាស់ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាមព្រះហស្ថ និងព្រះរាជលំអានឲ្យកូនចៅ ចៅទួតជំនាន់ក្រោយ បានយល់ដឹងពីគំរូព្រះវីរភាពរបស់ព្រះអង្គ ក្នុងការដឹកនាំនាវាកម្ពុជាប្រកបដោយទសពិធរាជធម៌ ព្រះបញ្ញាញាណភ្លឺស្វាង និងទេពកោសល្យ កសាងសន្តិភាព ស្ថេរភាពនយោបាយ សាមគ្គីភាពជាតិ ឯកភាពជាតិរឹងមាំ កសាងអភិវឌ្ឍន៍សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយសុខដុមរមនា ព្រះអង្គជាព្រះមហាបុរសរដ្ឋដ៏ឧត្តង្គឧត្តម។

លោកបន្តថា តាងនាមមន្ដ្រីរាជការទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយ នូវទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល បានដណ្តើមបានទាំងស្រុងមកវិញ នូវឯករាជ្យជាតិ ជូនជាតិមាតុភូមិពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៍ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមម្លប់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែងតែដង្ហែរតាមព្រះរាជតម្រិះដ៍ថ្លៃថ្លារបស់ព្រះអង្គ និងបានសម្ដែងនូវមនោសញ្ចេតនាគោរពស្រលាញ់ ក្នុងទឹកចិត្តប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះត្រង់ចំពោះព្រះអង្គជាព្រះបិតាឯករាជ្យជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សាការពាររដ្ឋធម្មនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនដូចសព្វថ្ងៃ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក នួន ផារ័ត្ន បានសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមថែរក្សា សន្តិភាពការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន និងរឹងមាំបំផុត៕