(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានសន្យាម្ដងហើយម្ដងទៀតនៅអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថារូបលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែ ២៤ម៉ោង ប៉ុណ្ណោះ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី។ ឥលូវ លោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីឡើងវិញពិតមែន ប៉ុន្តែព្រមពេលជាមួយគ្នា ពាក្យសន្យារបស់លោក ត្រាំ បែរជាធ្វើឱ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្តអាមេរិកនៅអ៉ឺរ៉ុបមានការព្រួយបារម្ភទៅវិញថានៅក្រោយស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ត្រាំ អាចនឹង កាត់បន្ថយជំនួយ ឬការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកិច្ចប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

ការព្រួយបារម្ភបែបនេះគឺកំពុងកើតឡើងជាពិសេសនៅតាមបណ្ដាប្រទេសជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត ដែលតែងតែលើកឡើងជារឿយៗថាប្រសិនបើកអ៊ុយក្រែន ចាញ់ ឬក៏ត្រូវបានបង្ខំឱ្យទាល់ច្រករហូតដល់យល់ព្រមកាត់ដីឱ្យរុស្ស៉ី នោះវានឹងក្លាយជាអំណោយ ឬការលើកទឹកចិត្តយ៉ាងសម្បើមមួយដល់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងបណ្ដាមេដឹកនាំផ្សេងទៀតមានមហិច្ឆតាវាតទីទឹកដី។

* តើលោក ត្រាំ និយាយអ្វីខ្លះពីសង្រ្គាមអ៊ុយក្រែន?
នៅឯវេទិកាតស៊ូមតិប្រធានាធិបតីកាលពីខែកញ្ញា លោក ដូណាល់ ត្រាំ បានគេចវេសពីការឆ្លើយនឹងសំណួរ ដែលបានចោទសួរទៅកាន់រូបលោកថាតើលោកចង់ឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែរឬក៏យ៉ាងណា? ផ្ទុយទៅវិញ លោក ត្រាំ កាលពីពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត បានលើកឡើងម្ដងហើយម្ដងទៀតថាសង្រ្គាមត្រូវតែ បញ្ចប់ ហើយលោកនឹងប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីបញ្ចប់សង្រ្គាមតាមរយៈការផ្សះផ្សារមួយ។ តែលោកមិនបានបង្ហើបពីផែនការរបស់លោក ឬក៏បញ្ជាក់លម្អិតថាតើត្រូវបញ្ចប់សង្រ្គាម ដោយរបៀបណានោះទេ? លើសពីនេះទៅទៀត អនុប្រធានាធិបតីជាប់ឆ្នោតរបស់លោក ត្រាំ គឺលោក JD Vance ថែមទាំងបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីខែកញ្ញាកន្លងទៅ ទៀតផង ថាកិច្ចព្រមព្រៀងណាមួយ អាចនឹងអនុញ្ញាតឱ្យរុស្ស៉ីបន្តកាន់កាប់ទឹកដីដែលដណ្ដើមពីអ៊ុយក្រែន ហើយអ៊ុយក្រែនត្រូវយល់ព្រមបោះបង់ចោលមហិច្ឆតាចង់ក្លាយជាសមាជិក NATO។

ចក្ខុវិស័យបែបនេះសម្រាប់ការបិទបញ្ចប់សង្រ្គាម គឺផ្ទុយទាំងស្រុងទៅនឹងគោលជំហររបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានបញ្ជាក់ថាប្រទេសរបស់លោកមិនអាច យល់ព្រមកាត់ទឹកដីជាថ្នូរដូរយកសន្តិភាពពីរុស្ស៉ីនោះទេ។ លោក ត្រាំ ធ្លាប់បានបង្ហាញការជំទាស់ទៅនឹងទំហំជំនួយយោធានាពេលបច្ចុប្បន្នដែលរដ្ឋបាលលោក ចូ បៃដិន សន្យា​ ឬបានផ្ដល់ទៅឱ្យ អ៊ុយក្រែន តែក៏មិនបានគំរាមចំៗថានឹងកាត់ផ្ដាច់ជំនួយនោះដែរ។ ប៉ុន្តែវានៅតែមានការព្រួយបារម្ភថាលោក ត្រាំ អាចនឹងប្រើប្រាស់ការគំរាមកាត់ផ្ដាច់ ឬកាត់បន្ថយជំនួយនេះដើម្បីបង្ខំឱ្យអ៊ុយក្រែន ធ្វើសម្បទានឱ្យរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម។

* តើសហរដ្ឋអាមេរិក ជួយអ៊ុយក្រែនដោយរបៀបណា?
សហរដ្ឋអាមេរិក ជាអ្នកផ្ដល់ជំនួយយោធាដ៏ធំបំផុតសម្រាប់អ៊ុយក្រែន។ អាមេរិកបានផ្ដល់ជំនួយយោធាជាង ៦៤ពាន់លានដុល្លារទៅឱ្យទីក្រុងកៀវ ចាប់តាំងពីរុស្ស៉ី បើកការឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើតាមក្រសួងការបរទេសអាមេរិក។ សព្វាវុធ និងបរិក្ខារយោធាដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យអ៊ុយក្រែន មានដូចជាប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ៣គ្រឿង ប្រព័ន្ធខែលប្រឆាំងមីស៊ីល NASAMS ១២គ្រឿង មីស៊ីលពាក់លើស្មា Stinger ច្រើនជាង ៣០០០គ្រឿង ប្រព័ន្ធមីស៊ីល HIMARS ៤០គ្រឿង ព្រមទាំងរថពាសដែក កាំភ្លើងធំ និងរថក្រោះ Abrams ៣១គ្រឿង និងគ្រាប់រំសេវជាដើម។ សហរដ្ឋអាមេរិក មិនបានផ្ដល់យន្ដហោះចម្បាំងទំនើបរបស់ខ្លួនឱ្យអ៊ុយក្រែននោះទេ តែបានយល់ព្រមឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបញ្ជូន យន្ដហោះចម្បាំង F-16 ផលិតដោយអាមេរិកទៅឱ្យទីក្រុងកៀវ។ ជំនួយទាំងអស់នេះ គឺស្ថិតក្នុងកញ្ចប់ជំនួយ ១៧៤.២ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក ដែលត្រូវយកទៅប្រើក្នុងការពង្រឹង សន្តិសុខអ៊ុយក្រែន ព្រមទាំងជួយដល់ដៃគូ និងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់អឺរ៉ុប បំពេញស្ដុកអាវុធឡើងវិញ ក្រោយពួកគេបរិច្ចាគទៅឱ្យអ៊ុយក្រែន។ សហរដ្ឋអាមេរិកក៏បានផ្ដល់ជំនួយដល់ អ៊ុយក្រែនផងដែរ លើកិច្ចការដោះគ្រាប់មីន ការបណ្ដុះបណ្ដាល និងបំពាក់បរិក្ខារឱ្យបុគ្គលិកសេវាសង្រ្គោះបន្ទាន់។

* តើជំនួយរបស់អាមេរិក បានជួយអ្វីខ្លះដល់អ៊ុយក្រែន?
នៅពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអ្នកវិភាគលោកខាងលិចខ្លះបាននិយាយថាអ៊ុយក្រែននឹងចាញ់ក្នុងពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ អាវុធរបស់អាមេរិក ដូចជាមីស៊ីលពាក់លើស្មាប្រឆាំងរថក្រោះ Javelin និងមីស៊ីលពាក់លើស្មាប្រឆាំងយន្ដហោះចម្បាំង Stinger បានជួយកងទ័ពអ៊ុយក្រែនវាយបណ្ដេញកងទ័ពរុស្ស៉ីឱ្យដកថយចេញពីរដ្ឋធានីកៀវ រីឯ សង្រ្គាមត្រូវអូសបន្លាយមកទល់សព្វថ្ងៃ ដោយមានការគំាទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច។ នៅតាមសមរភូមិក្ដៅ កងទ័ពអ៊ុយក្រែនបានប្រើប្រាស់រថពាសដែកអាមេរិក American Bradley បានវាយប្រហារលើទីតាំងកងទ័ពរុស្ស៉ី ខណៈប្រព័ន្ធមីស៊ីល HIMARS បានផ្ដល់ឱ្យកងទ័ពអ៊ុយក្រែននូវសមត្ថភាពវាយប្រហារចំៗលើកងទ័ពរុស្ស៉ី នៅពីក្រោយសមរភូមិមុខ ហើយ ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot បានជួយអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីលទំនើបៗរបស់រុស្ស៉ី។ លោក ហ្សេលេនស្គី ធ្លាប់បានលើកឡើងច្រើនលើកថាខណៈជំនួយយោធាពីសហរដ្ឋអាមេរិក គឺគ្រប់គ្រាន់ជួយអ៊ុយក្រែនបញ្ចៀសបរាជ័យ តែវាមិនទាន់គ្រប់គ្រាន់ជួយអ៊ុយក្រែនឈ្នះនៅឡើយទេ។ ទីក្រុងវ៉ាស៊ីនតោនមកទល់នឹងពេលនេះ ក៏មិនទាន់យល់ព្រមទទួលយកសំណើរបស់លោក ហ្សេលេនស្គីនោះដែរ ដែលបានទទូចសុំការអនុញ្ញាតប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក វាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។

* តើកងទ័ពអ៊ុយក្រែន អាចបន្តប្រយុទ្ធដោយគ្មានជំនួយពីសហរដ្ឋអាមេរិក ឬ?

ប្រសិនបើលោក ដូណាល់ ត្រាំ កាត់ផ្ដាច់ ឬកាត់បន្ថយជំនួយយោធាសម្រាប់អ៊ុយក្រែន ដោយមិនអាចធ្វើឱ្យរុស្ស៉ីបញ្ចប់សង្រ្គាមទេ នោះអ៊ុយក្រែននឹងប្រឈមហានិភ័យខ្ពស់នៃការបរាជ័យ។ ពីព្រោះថា រថក្រោះ កាំភ្លើងធំ និងប្រព័ន្ធខែលប្រឆាំងមីស៊ីលនឹងត្រូវអស់គ្រាប់រំសេវ ក្នុងពេលប៉ុន្មានខែប៉ុណ្ណោះ។ សម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ុយក្រែនដូចជា អាល្លឺម៉ង់ ប្រទេសក្នុងតំបន់បាល់ទិក និងបារាំង បានសន្យាថាពួកគេនឹងបន្តផ្ដល់ជំនួយគាំទ្រអ៊ុយក្រែននៅគ្រប់កាលៈទេសៈទាំងអស់។ ប៉ុន្តែជំនួយជាអាវុធរបស់ពួកគេដែលផ្ដល់ឱ្យអ៊ុយក្រែន នឹងមិនត្រូវបានប៉ះប៉ូវបំពេញស្ដុកអាវុធឡើងវិញនោះទេ ប្រសិនបើបាត់បង់ការគាំទ្រពីសហរដ្ឋអាមេរិក។ មួយវិញទៀត ទោះជាជំនួយជាហិរញ្ញវត្ថុនៅតែមានក៏ដោយ ក៏សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក្នុងតំបន់អឺរ៉ុបមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិត អាវុធ ដើម្បីបំពេញតម្រូវការខ្លួនឯងផង និងបញ្ជូនទៅឱ្យអ៊ុយក្រែនផងដែរនោះទេ។

* តើលោក ហ្សេលេនស្គី និយាយអ្វីពីជ័យជម្នះរបស់លោក ត្រាំ?
នៅក្រោយលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា បង្ហាញថាលោក ដូណាល់ ត្រាំជាអ្នកទទួលបានជ័យជម្នះ ក្រុមមន្ត្រីអ៊ុយក្រែនត្រូវបានគេមើលឃើញថាបានធ្វើពុតជា មិនខ្វាយខ្វល់។ សូម្បីតែលោក ហ្សេលេនស្គី ដែលមានទំនាក់ទំនងមិនសូវល្អជាមួយលោក ត្រាំ បានផ្ញើសារអបអរសាទរលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក តែបញ្ជាក់ជំហរថាសន្តិភាពត្រូវតែ ធ្វើឡើងនៅឯកិច្ចចរចាមួយស្មើមុខស្មើមាត់។ ក្រុមមន្ត្រីស្និទ្ធជាមួយលោក ហ្សេលេនស្គីក៏បាននិយាយដែរថាពួកគេមិនសប្បាយចិត្ត តែក៏មិនភិតភ័យដោយសារលទ្ធផលបោះឆ្នោតប្រធានាធិបតី អាមេរិកនោះដែរ ដ្បិតពួកគេកំពុងផ្ដោតលើតម្រូវការប្រយុទ្ធនៅក្នុងសង្រ្គាម៕