(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថាអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតែស្វែងយល់ឲ្យបានច្បាស់អំពីប្លង់គោលប្រើប្រាស់ដីធ្លី ដើម្បីអាចចូលរួមសម្រេចចក្ខុវិស័យអភិវឌ្ឍន៍មូលដ្ឋានខ្លួនប្រកបដោយប្រសិទ្ធភាព។
លោក នួន ផារ័ត្ន ថ្លែងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយចៅសង្កាត់ អភិបាលក្រុងស្ទឹងសែន និងមន្ទីរជំនាញពាក់ព័ន្ធដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីធ្លីរបស់ក្រុងស្ទឹងសែន នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបានបន្ថែមថា ដោយសារកំណើនប្រជាពលរដ្ឋ កំណើននៃការប្រើប្រាស់ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុយើងត្រូវមានយន្តការដឹកនាំ ការគ្រប់គ្រង និងការកសាងផែនការរៀបចំដែនដីខេត្ត និងការកសាងប្លង់គោលប្រើប្រាស់ដីក្រុង ឲ្យមានរបៀបរៀបរយ។
លោក នួន ផារ័ត្ន បានអះអាងថា ការងារនេះតម្រូវឲ្យមានការឯកភាពគ្នា និងមានការប្តេជ្ញាចិត្តពីគ្រប់ស្ថាប័ន ប្រជាពលរដ្ឋ និងអ្នកទទួលផលប្រយោជន៍ផ្សេងៗ សំដៅធានាបាន នូវជំនឿទុកចិត្តការទទួលខុសត្រូវរួមគ្នា មានតម្លាភាព និងមានប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការអភិវឌ្ឍដីធ្លី និងធនធានធម្មជាតិឲ្យមានចីរភាព រៀបចំសក្តានុពលតាមរយៈការផ្តល់សេវាកម្មផ្សេងៗ ខាងសេដ្ឋកិច្ច សង្គម ការកំសាន្ត និងទេសចរណ៍ជាដើម។
លោកបានដាស់តឿនទៅដល់ចៅសង្កាត់ទាំងអស់ ត្រូវត្រួតពិនិត្យមើលតាមដងស្ទឹងសែន មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋសាងសង់បន្តទៀតនោះទេ៕