(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក WU QIAN នាយកនាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិននៅទីស្តីការក្រសួងព័ត៌មាន​​ ខណៈលោកនិងក្រុមអ្នកនាំពាក្យផ្សេងទៀតនៃក្រសួងការពារចិនបាន​ចុះធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

ក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយគណៈប្រតិភូយោធាចិនដឹកនាំដោយ លោក វរសេនីយ៍ឯកពិសេស WU QIAN នាយក នាយកដ្ឋានព័ត៌មានការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាលើការផ្សព្វផ្សាយព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការអ្នកនាំពាក្យការគ្រប់គ្រងព័ត៌មាន និងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការគ្រប់គ្រងព័ត៌មានក្នុងបរិបទឌីជីថល គឺមានភាពស្មុគស្មាញដោយសារតែប្រភពព័ត៌មានដែលប្រជាជនទទួលបានគឺមិនមែនមកតែមួយច្រកនោះទេ គឺមកពីប្រភពផ្សេងៗជាច្រើន ពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គមដែលប្រជាពលរដ្ឋអាចរកបានដោយខ្លួនឯង ហើយពេលខ្លះព័ត៌មានដែលធ្វើការផ្សព្វផ្សាយនោះជាព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ។

លោកបានថ្លែងថា នៅចំពោះមុខនៃបញ្ហាទាំងនេះ ទាមទារឲ្យគ្រប់ស្ថាប័នទាំងអស់ ត្រូវតែមានកិច្ចសហការល្អជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីធ្វើការគ្រប់គ្រងលើការផ្សព្វផ្សាយព័ត៌មាន ធ្វើយ៉ាងណាធានាសន្តិសុខព័ត៌មានជូនដល់សាធារណជន រួមមានសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពព័ត៌មាន។

តាមរយៈកិច្ចពិភាក្សាការងារគ្នានាឱកាសនេះ គឺជាការចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ធ្វើឱ្យចំណងមិត្តភាពដែកថែបកម្ពុជា ចិន កាន់តែរឹងមាំ ហើយអាចជួយគ្នាទៅវិញទៅមកក្នុងការការពារផលប្រយោជន៍រួមផងដែរ។ លោកវរសេនីយ៍ឯកពិសេស WU QIAN បានសម្តែងនូវការរីករាយដែលបានអញ្ជើញមកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយបានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើកិច្ចការងារព័ត៌មាន និងកិច្ចការងារលុបបំបាត់ព័ត៌មានក្លែងក្លាយ។

លោកនាយក នាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការ យោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន បានជម្រាបជូនថា ក្នុងដំណើរទស្សនៈកិច្ចមកកម្ពុជានាឱកាសនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មានយោធា និងស៊ីវិល នៃប្រទេសទាំងពីរកម្ពុជា-ចិន ហើយក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូ ស្នើសុំធ្វើទស្សនកិច្ចសិក្សា ដកបទពិសោធន៍ការងារ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដើម្បីស្វែងយល់វិធីសាស្ត្រល្អៗ អំពីការផ្សព្វផ្សាយ ព័ត៌មានជាតិអន្តរជាតិ នាយុគ្គសម័យថ្មី៕