(ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ ដល់ ៩ វិច្ឆិកា ២០២៤) នៅវិមានឯករាជ្យ និងបានគោរពថ្វាយកម្រងផ្កាដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

សូមរំលឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិនៅឆ្នាំនេះ គឺខួប៧១ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាអស់កម្លាំងកាយចិត្តទាមទារយកឯករាជ្យដល់ព្រះរាជាណាចក្រកម្ពុជានៃយើងពីបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕