(ត្បូងឃ្មុំ)៖ លោក សាន វិសាល រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មាធិការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ចំនួន ២ គម្រោង ស្ថិតនៅឃុំក្រូចឆ្មារ និងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
នាឱកាសនោះអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ដោយសម្តេចបានជំរុញអភិវឌ្ឍន៍ប្រទេសជាតិ សម្រេចបានសមិទ្ធផលផ្លែផ្កាជាទីមោទនៈ ដែលប្រការទាំងនេះគឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
ជុំវិញការងារស្ថាបនាផ្លូវខាងលេីឧត្តមសេនីយ៍ទោ ហាយ ហ៊ីង នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ បានអនុវត្តការងារនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវនៅតាមមូលដ្ឋាន មានសារៈសំខាន់ណាស់សម្រាប់ធ្វើដំណើរ ដើម្បីបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ទាក់ទិនការអភិវឌ្ឍន៍ផ្លូវនេះដែរលោក សាន វិសាល បានកោតសរសើរចំពោះការយកចិត្តទុកដាក់ស្ថាបនាផ្លូវខាងលើ នេះបានល្អប្រសើរ និងបានលើកឡើងថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ជាក់ស្តែងការស្តារ ឡើងវិញផ្លូវក្រាលបេតុងចំនួន ២ ខ្សែនេះ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង បាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន មានផ្លូវល្អ ប្រកបដោយគុណភាព សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
នាឱកាសនោះដែរលោក សាន វិសាល បានជួបសំណេះសំណាលជាមួយ អាជ្ញាធរ និងប្រជាពលរដ្ឋ ដោយលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោក សាន វិសាល ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១ ផងដែរ៕