(ព្រះវិហារ)៖ លោក ប្រាក់ សុណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ដ្រីរាជការ រៀបចំពិធីក្រុងពលីសុំសេចក្តីសុខសប្បាយតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដើម្បីរៀបចំពិធីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលប្រារព្ធធ្វើឡើងនៅទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល់ ក្រុងព្រះវិហារ។

ការប្រណាំងទូកនៅខេត្តព្រះវិហារ ត្រូវបានរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ។ក្រៅពីធីប្រណាំងទូក ក៏មានពិធីបាញ់កាំជ្រូច បណ្តែតប្រទីប អកអំបុក និងការដាក់បង្ហាញការតាំងពិព័រណ៍ តាមស្តង់ពិព័រណ៍ផលិតផលនានា លេងល្បែងប្រជាប្រិយកម្សាន្តជាច្រើនទៀត។

សូមបញ្ជាក់ថា ការប្រណាំងទូកងនៅថ្ងៃស្អែកនេះ គឺមានទូកចំនួន៣៣ទូក ក្នុងនោះទូកចំណុះ២២នាក់មានចំនួន១០គូ ជាលក្ខណៈគូដែលជាទូកមកពីតាមបណ្តាអង្គភាពមន្ទីរស្ថាប័ននានាក្នុងខេត្ត ដើម្បីចូលរួមប្រកួតជាលក្ខណៈមិត្តភាព៕