(ឥណ្ឌូនេស៊ី)៖ នាថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានតំណាងប្រទេសកម្ពុជាក្នុងនាមជាធនាគារគោល នយោបាយនិងអភិវឌ្ឍន៍ និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក អញ្ជើញចូលរួមជា អធិបតី និងថ្លែងសុន្ទរកថាបើកនិងបិទក្នុង វេទិកាអន្តរជាតិថ្នាក់ដឹកនាំ ជាន់ខ្ពស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍របស់ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) ។

វេទិកានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងភាគីពាក់ព័ន្ធ សរុបចំនួនជាង ១៥០រូប ដែលតំណាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ចំនួន ៥០ មកពី ២៣ប្រទេស ដើម្បីពិភាក្សាអំពី ប្រធានបទសំខាន់ៗ និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនានាសំដៅជំរុញរបៀបវារៈនៃការអភិវឌ្ឍដែល បញ្ចេញកាបូនតិច (Low-Carbon Development Agenda)។

វេទិកានេះ ត្រូវបានរៀបចំឡើងដោយគ្រឹះស្ថានហិរញ្ញវត្ថុ PT Sarana Multi Infrastruktur (Persero) ក្នុងគោលបំណងជំរុញឱ្យមានការទំនាក់ទំនងកាន់តែប្រសើរឡើង រវាងគ្រឹះស្ថានហិរញ្ញវត្ថុ លើកកម្ពស់កិច្ចសហ ប្រតិបត្តិការ និងស្វែងរកវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបួនតិច»។

វេទិកានេះ ផ្តោតសំខាន់ទៅលើតួនាទីដ៏សំខាន់របស់គ្រឹះ ស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចដែលបញ្ចេញកាបួនតិច តាមរយៈការចែករំលែកបទពិសោធ នានា នៅក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ព្រមទាំងការវិនិយោគរយៈពេលវែង ក្នុងការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ការវិនិយោគលើថាមពលកកើតឡើងវិញ កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបណ្តុំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

វេទិកាអន្តរជាតិនេះ បានពិភាក្សាទៅលើប្រធានបទចំនួន ៤ ចម្បង ៗ រួមមាន៖
ទី១៖ អន្តរកាលថាមពលប្រកបដោយសមធម៌៖ វេទិកានេះ បានផ្តោតសំខាន់ទៅលើតម្រូវការវិនិយោគ និងគំនិតផ្តួចផ្តើមផ្សេងៗបន្ថែមទៀត ក្នុងការផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ទៅប្រើប្រាស់ ថាមពលកកើតឡើងវិញ ដោយបានរំលេចពីឧបសគ្គប្រឈមសំខាន់ៗក្នុងការសម្រេចបានអន្តរ កាលថាមពល រួមមាន ភាពខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ថ្លៃអគ្គិសនី និងផលប៉ះពាល់ ផ្នែកសង្គមដែលជះទៅលើប្រជាជនធ្វើការក្នុងវិស័យឥន្ធនៈហ្វូស៊ីល។

ទី២៖ បរិវត្តកម្មឌីជីថល វេទិកានេះ បានផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់អំពីដំណោះស្រាយ តាមបែបឌីជីថល រួមមាន បញ្ហាសិប្បនិម្មិត បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សេវាកម្មហិរញ្ញវត្ថុ ឌីជីថល និងការផ្តួចផ្តើមថ្មី (ADFIAPNET) ដែលអាចពង្រីកប្រសិទ្ធភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ, បង្កើនលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុ សម្រាប់ក្រុមប្រជាជន ដែលពុំទាន់មានលទ្ធភាពទទួលសេវាកម្មហិរញ្ញវត្ថុបានគ្រប់គ្រាន់ ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ទី៣៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ វេទិកានេះ បានរំលេចពីសារៈសំខាន់នៃការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុ ក្នុងការសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាតួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងការ កាត់បន្ថយគម្លាតហិរញ្ញប្បទានក្នុងវិស័យនេះ តាមរយៈការចែករំលែកនូវយុទ្ធសាស្ត្រ និងបទ ពិសោធក្នុងការផ្តល់ហិរញ្ញប្បទាន ដែលរួមមានការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុចម្រុះ (Blended Finance Instruments) ជាដើម។

ទី៤៖ លទ្ធភាពទទួលបានជាសកលនូវសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ៖ វេទិកានេះ បានរំលេចពី ការព្រួយបារម្ភចំពោះបញ្ហាកង្វះទឹកដោយសារការប្រែប្រួលអាកាសធាតុ និងបានសង្កត់ធ្ងន់ពី តម្រូវការហិរញ្ញប្បទាន ដើម្បីសម្រេចបានលទ្ធភាពទទួលបានជាសកលនូវសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។

ជាលទ្ធផល, វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញ វត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានទទួលនូវបទពិសោធន៍ និង ឧត្តមានុវត្តថ្មីៗ ក្នុងការលើកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ពិសេសតួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅ ក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបួនតិច។

លើសពីនេះ, សមាជិកនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏បានពង្រីកនូវកិច្ចសហប្រតិបត្តិការរវាង គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ រដ្ឋាភិបាល អង្គការអន្តរជាតិ និងវិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដូចជា ការប្រែប្រួលអាកាសធាតុ ការសម្រេចបានអន្តរកាលថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាទីបញ្ចប់លោកបណ្ឌិត បានអំពាវនាវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងដៃគូនានាឱ្យចូលរួមយ៉ាងសកម្ម ក្នុងការសម្រេចបានពិភពលោកមួយប្រកបដោយចីរភាព និងវិបុលភាពបន្ថែម។ លោកបណ្ឌិតបានជំរុញ ឱ្យអ្នកចូលរួមទាំងអស់យកចំណេះដឹងដែលទទួលបាននៅក្នុងវេទិកានេះ ទៅបំប្លែងឱ្យចេញជាយុទ្ធសាស្ត្រដែលអាច អនុវត្តបាន សំដៅសម្រេចបានអនាគតដែលបញ្ចេញការបួនតិច។

ទន្ទឹមនេះ លោកបណ្ឌិត ក៏បានផ្តល់អនុសាសន៍ ដ៏មានតម្លៃជាច្រើន រួមមាន ការគាំទ្រការអនុវត្តគោលនយោបាយថ្នាក់ជាតិស្តីពីការបោះជំហានឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើត ឡើងវិញប្រកបដោយបរិយាបន្ន, ការធ្វើពិពិធកម្មឧបករណ៍ហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម និងគ្រួសារដែលមានចំណូលទាប, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ, និង ការជំរុញភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន៕